ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំងអស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។
សម្តេចធិបតី បានបញ្ជាក់ថា ក្រៅពីការពង្រឹងនូវការសិក្សាដល់សិស្សានុសិស្សក៏ត្រូវពង្រឹង និងបង្ការសុខភាពដល់សិស្សានុសិស្សផងដែរ ។ សម្តេចធិបតី ក៏បានអំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនទាំងអស់ឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស ខណៈអាហារណាដែលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព គប្បីបញ្ឈប់ការលក់ជាបន្ទាន់។
ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)៕អត្ថបទ៖ បាន ចក់