ក្រុមបាល់ទះកងយោធពលខេមរមភូមិន្ទ របស់កម្ពុជា នឹងត្រូវជួបក្រុមបាល់ទះកងទ័ពឡាវ នារសៀលថ្ងៃទី០៥ ខែតុលានេះ ក្នុងកម្មវិធីពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ នៅប្រទេសវៀតណាម ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។

នេះគឺជាការប្រកួតទី២ របស់ក្រុមបាល់ទះកងទ័ពកម្ពុជា បន្ទាប់ពីប្រកួតបើកឆាកចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ៣-០ ។ លទ្ធផលនេះ នាំឲ្យក្រុមកងទ័ពកម្ពុជា ត្រូវការឈ្នះដាច់ខាត ក្នុងការប្រកួតជាមួយក្រុមកងទ័ពឡាវ នារសៀលនេះ ដើម្បីមានឱកាសឡើងវគ្គបន្ដ ។

គួរដឹងថា ការប្រកួតបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ គឺមាន ៧ប្រទេសចូលរួម ក្នុងនោះក្រុមកីឡាបាល់ទះកងយោធពលខេមភូមិន្ទ របស់កម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមកងទ័ពឡាវ និងម្ចាស់ផ្ទះវៀតណាម ខណៈពូលB មានក្រុមថៃ មីយ៉ាន់ម៉ា់ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។

បេសកកម្មនេះ ក្រុមបាល់ទះកងទ័ពកម្ពុជា គឺដឹកនាំដោយឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកការងារកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីរឹតចំណងមិត្តភាព រវាងកងទ័ពបណ្ដាប្រទេសសមាជិកអាស៊ាន តាមរយៈការប្រកួតកីឡាក្ខណៈមិត្តភាពមួយនេះ៕ អត្ថបទ លី ឈុនឡា

