ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួង អប់រំ យុវជន និងកីឡា ធ្វើការពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ខណៈសាលារៀនដំណើរការទៅបានល្អ គឺត្រូវពឹងផ្អែកសំខាន់លើនាយកសាលា និងគ្រូបង្រៀន ហើយនាយកសាលាប្រៀបដូចជា ឪពុកម្តាយរបស់សាលារៀននីមួយៗដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានណែនាំដល់ក្រសួងអប់រំ ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ពីព្រោះនាយកសាលា គឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា។
សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលានេះរួចដាក់ជូនមកសម្ដេចពិនិត្យ និងសម្រេចនាពេលខាងមុខផងដែរ។
សូមជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកឯកនយោបាយឈ្នះ-ឈ្នះ កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាព ទឹកដី ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅ។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងគ្រប់វិស័យ។ ចាប់តាំងពីឆ្នាំ២០១៣ ដើមអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាបាន ដាក់ចេញនូវកំណែទម្រង់ជាបន្តបន្ទាប់ជាពិសេស ការធ្វើកំណែទម្រង់ គុណភាពអប់រំ ការគ្រប់គ្របង់បុគ្គលិកអប់រំ, ការពង្រឹងការប្រឡងគ្រប់ប្រភេទ រួមនឹងការពង្រឹងសមត្ថភាព និងការបណ្ដុះបណ្ដាលគ្រូបង្រៀនល្អជាដើម៕អត្ថបទៈ វ៉ន ដារ៉ា
