ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារអាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល អែកសេស ស៊ីនីតស៊ីអេធីវ (CHAI) នឹងដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្ដល់តែចំនួនមួយដូសប៉ុណ្ណោះដល់ កុមារីម្នាក់ៗដែលមានអាយុ៩ឆ្នាំនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិ ឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។
ជំងឺមហារីកមាត់ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា " ឃាតកលាក់មុខ " ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីក មាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈ ដែលត្រូវយកចិត្តទុកដាក់នៅព្រះរាជាណាចក្រកម្ពុជា។ យើងទាំងអស់គ្នាត្រូវពន្លឿន កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅព្រះរាជាណាចក្រកម្ពុជា។ យើងធានាថាកុមារីអាយុ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគំរោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុលើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់អោយ ចូលរួមជាមួយគ្នា ដើម្បីការពារសុខភាពកុមារីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន គឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្រ្តីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថាជំងឺមហារីកមាត់ស្បូន សរុបចំនួនប្រមាណ ១១៣៥ករណី (១១,៤%) ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន៦៤៣ករណីបានស្លាប់។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្តីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួនមួយដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។ ចាប់ពីឆ្នាំ២០១៧ ដល់២០១៨ ក្រសួងសុខាភិបាលបានអនុវត្តគម្រោងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដ៏ជោគជ័យដល់កុមារីអាយុ៩ឆ្នាំ នៅក្នុងស្រុករដ្ឋបាលចំនួន១០ នៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង។
គម្រោងនេះសម្រេចបានការគ្របដណ្តប់ចំនួន៩៦% ដែលជាលទ្ធផលមួយបង្ហាញពីការចូលរួម និងការមកទទួលថ្នាំបង្ការពីសំណាក់សហគមន៍ខ្ពស់ ដែលអាចឆ្លុះបញ្ចាំងថា៖ ប្រទេសកម្ពុជា មានសមត្ថភាព និងបានត្រៀមរួចជាស្រេចផងដែរ សម្រាប់ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននៅទូទាំងប្រទេស។ ឥឡូវនេះ ប្រទេសកម្ពុជាបាន ចូលរួមជាមួយប្រទេសចំនួន១៣៦ផ្សេងទៀត ដែលបានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធី ជាតិផ្តល់ថ្នាំបង្ការ៕អត្ថបទ រដ្ឋា









