ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកមានការព្រួយបារម្ភថា ភាពច្របូកច្របល់នៅក្នុងសភា អាចធ្វើឲ្យអន្តរាយដល់ការសន្យារបស់លោកផ្តល់ឲ្យអ៊ុយក្រែននូវអ្វីដែលប្រទេសនេះត្រូវការសម្រាប់ការប្រយុទ្ធប្រឆាំងរុស្ស៊ី ជាការព្រួយបារម្ភដែលកើតមានឡើងខណៈមន្ទីរបញ្ចកោណ បានព្រមានថាជំនួយយោធាក្នុងប្រទេសអ៊ុយក្រែនអស់យ៉ាងឆាប់រហ័ស។

ប្រព័ន្ធផ្សព្វផ្សាយ NPR បានដឹងថាមន្ទីរបញ្ចកោណ បានព្រមានសមាជិកសភាសហរដ្ឋអាមេរិកថា ពួកគេចាំបាច់ត្រូវអនុម័តបន្ទាន់នូវជំនួយបន្ថែមទៀតដើម្បីការពារការអាក់ខានលំហូរអាវុធទៅឲ្យអ៊ុយក្រែន។
លោកBiden បានស្នើសុំសភា នូវទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារ សម្រាប់ជំនួយថ្មីផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងយោធាទៅឲ្យអ៊ុយក្រែន រហូតដល់ចុងឆ្នាំតាមប្រតិទិន។
បច្ចុប្បន្ន ការបណ្តេញចេញប្រធានសភា លោក Kevin McCarthy បានបង្កើតភាពមិនច្បាស់លាស់កាន់តែធំអំពីជោគវាសនានៃសំណើនោះ។ លោកBiden និយាយថា វាពិតជាធ្វើឲ្យលោកបារម្ភ។ ប៉ុន្តែលោកដឹងថាមានសមាជិកភាគច្រើននៃសភា និងព្រឹទ្ធសភា ក្នុងគណបក្សទាំងពីរ ដែលបាននិយាយថាពួកគេគាំទ្រការផ្តល់មូលនិធិដល់អ៊ុយក្រែន។
