សារព័ត៌មានកូរ៉េខាងត្បូង បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ៥ ខែតុលានេះ ថា កូរ៉េខាងជើងបានផ្អាកដំណើរការ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអែរ នៅឯបរិវេណអាតូមិកដ៏សំខាន់របស់ខ្លួន ប្រហែលជាដើម្បីទាញយកសារធាតុភ្លុយតូនីញ៉ូម ដែលអាចប្រើសម្រាប់ផលិតសព្វាវុធ ដោយកែច្នៃបំណែកឥន្ធនៈដែលបានប្រើប្រាស់ឡើងវិញ។

របាយការណ៍បាននិយាយថា យោងតាមការវាយតម្លៃចារកម្មដោយអាជ្ញាធរអាមេរិក និងកូរ៉េខាងត្បូងប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរកម្លាំង៥ មេហ្គាវ៉ាត់ នៅឯបរិវេណនុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon) ត្រូវបានផ្អាកចាប់តាំងពីចុងខែកញ្ញា។
កាសែត ដុងហ្គា អ៊ីលបូ (Donga Ilbo) បានដកស្រង់ប្រភពរបស់រដ្ឋាភិបាលថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជឿថា នេះអាចជាសញ្ញានៃការកែច្នៃឡើងវិញនូវការងារដែលកំពុងត្រូវបានដំណើរការ ដើម្បីទទួលបានប្លាតូនីញ៉ូមជាកម្រិតមួយដែលអាចផលិតអាវុធបាន ។
ការកែច្នៃបំណែកឥន្ធនៈប្រើប្រាស់រួចដែលបានយកចេញពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ គឺជាជំហានមួយដែលបានធ្វើឡើង មុនពេលដែលផ្លាតូនីញ៉ូមត្រូវបានស្រង់ចេញ។ រោងចក្រនុយក្លេអ៊ែរ Yongbyon គឺជាប្រភពសំខាន់របស់កូរ៉េខាងជើងនៃសារធាតុផ្លាតូនីញ៉ូម ដែលទំនងជាបានប្រើប្រាស់សម្រាប់បង្កើតអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើងបានអះអាងខ្លួនជារដ្ឋនុយក្លេអ៊ែរ ប៉ុន្តែបានរក្សាចំនួនអាវុធនុយក្លេអ៊ែរដែលខ្លួនប្រហែលជាបានផលិត ឬដាក់ពង្រាយដោយសម្ងាត់។ ការប៉ាន់ប្រមាណដោយឯករាជ្យនៃចំនួនប្លាតូនីញ៉ូមរបស់កូរ៉េខាងជើង មានទម្ងន់រហូតដល់ ៧០ គីឡូក្រាម ដែលល្មមគ្រប់គ្រាន់ក្នុងការផលិតអាវុធបានប្រមាណ២០គ្រាប់ ឬច្រើនជាងនេះ៕
