ស្ថានកុងស៊ុលថ្មីចំនួន៥ កំពុងផ្តល់សេវាដល់ប្រជាជនវ៉េណេហ្ស៊ុយអេឡានៅទូទាំងប្រទេសកូឡុំប៊ី បន្ទាប់ពីមានការសម្របសម្រួលឲ្យបើកឡើងវិញ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ ដែលជាជំហានមួយទៀតក្នុងទំនាក់ទំនងថ្មីរវាងអ្នកជិតខាងនៅអាមេរិកខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ។

ប្រជាជនវ៉េណេហ្ស៊ុយអេឡាប្រហែល ២,៥លាននាក់ បច្ចុប្បន្ន រស់នៅក្នុងប្រទេសកូឡុំប៊ី ដែលមានព្រំដែនដ៏វែងឆ្ងាយនិងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយប្រទេសជិតខាងរបស់ខ្លួន នៅភាគខាងកើត។
ប្រជាជនជាង៧លាននាក់ បានចាកចេញពីវ៉េណេហ្ស៊ុយអេឡា ចាប់តាំងពីឆ្នាំ ២០១៥ ដោយសារតែភាពចលាចលនយោបាយ និងសេដ្ឋកិច្ច ដែលកំពុងបន្ត ដោយធ្វើឲ្យវាក្លាយជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។
លើកលែងតែស្ថានកុងស៊ុលតែមួយនៅជិតព្រំដែនវ៉េណេហ្ស៊ុយអេឡា ដែលបានបើកនៅនិទាឃរដូវនេះ ជនអន្តោប្រវេសន៍នៅប្រទេសកូឡុំប៊ីពីមុន មិនមានជម្រើសក្នុងការបញ្ជាក់ឯកសារទទួលបានលិខិតឆ្លងដែន ឬចូលប្រើសេវារដ្ឋាភិបាលផ្សេងទៀតទេ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានផ្តាច់ទំនាក់ទំនងការទូតនៅឆ្នាំ ២០១៩ បន្ទាប់ពីអតីតប្រធានាធិបតីកូឡុំប៊ី អ៊ីវ៉ាន់ ឌូកេ (Iván Duque) បានទទួលស្គាល់បេក្ខជនប្រឆាំង ចូន ខ្វៃដូ (Juan Guaidó) ជាមេដឹកនាំពិតប្រាកដរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា ក្នុងចំណោមភាពតានតឹងផ្សេងទៀត។
សហរដ្ឋអាមេរិក បានចងក្រងឯកសារមួយចំនួននៃការរំលោភសិទ្ធិមនុស្សក្នុងនាមរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ រួមទាំងការសម្លាប់ដោយហេតុផលនយោបាយ និងការធ្វើទារុណកម្មលើអ្នកទោសនយោបាយ។

