តាកែវ ៖ នៅថ្ងៃទី២ ខែមិថុនានេះ រដ្ឋបាលខេត្តតាកែវ បានសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឲ្យដំណើរការឡើងវិញផ្សារសំរោងយ៉ោង មានទីតាំងស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវ ។
រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា ការបើកឲ្យដំណើរការផ្សារសំរោងយ៉ោងឡើងវិញ បន្ទាប់ពីអាជ្ញាធរបានបិទខ្ទប់ផ្សារនេះ អស់រយៈពេលប្រមាណ២សប្តាហ៍ ដោយសារតែមានអ្នកជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដែលនាំឲ្យការឆ្លងរីករាលដាលដល់បងប្អូនអាជីវករប្រមាណជាង១០០នាក់។ បើទោះបី អាជ្ញាធរអនុញ្ញាតបើកដំណើរការផ្សារសំរោងយោងឡើងយ៉ាងណាក៏ដោយក៏ប៉ុន្តែបងប្អូនអាជីវករទាំងអស់ត្រូវអនុវត្តវិធានការការពារបីកុំ បីការពារដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តទៅទៀត។
ក្នុងនោះ អភិបាលស្រុកបាទីលោក ភូងឈីម បានថ្លែងប្រាប់ថា អាជ្ញាធរស្រុក នឹងយកសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ទៅជំរាបបងប្អូនអាជីវករនៅរសៀលថ្ងៃពុធនេះ ហើយបងប្អូនអាជីវករអាចលក់ដូរជាធម្មតាឡើងវិញចាប់ពីពេលជូនដំណឹងនេះតទៅ។
បើតាមលោកអភិបាលស្រុក បានអះអាងថា ការបើកឲ្យដំណើរការឡើងវិញរបស់ផ្សារសំរោងយោងបន្ទាប់ពីមន្ត្រីជំនាញសុខាភិបាល បានបន្តយកសម្រាប់បងប្អូនអាជីវករប្រមាណ៥០០នាក់ សាជាថ្មីហើយលទ្ធផលគឺអវិជ្ជមានស្ទើរតែទាំងអស់ ។ ដោយឡែកសម្រាប់បងប្អូនអាជីវករដែលឆ្លងជំងឺកូវី-១៩ ចំនួនជាង១០០នាក់កន្លងមក បានជាសះស្បើយអស់ហើយរហូតមកដល់ពេលនេះ៕
ដោយ ៖ គុជ វិភាគ
