សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បាននិយាយប្រឆាំងនឹងការបណ្តេញប្រធានសភាអាមេរិក លោក Kevin McCarthy កាលពីថ្ងៃអង្គារ (៣ តុលា) ដោយនិយាយថា ការសម្រេចនោះបានធ្វើឲ្យបក្សស្ថិតក្នុងភាពច្របូកច្របល់ ហើយបានអំពាវនាវឲ្យមានការរួបរួមក្នុងបក្ស។

សមាជិកគណបក្សសាធារណរដ្ឋមួយក្តាប់តូច នៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (៣ តុលា) បានបោះឆ្នោតបណ្ដេញប្រធានសភាបក្សរបស់ខ្លួន លោក Kevin McCarthy ចេញពីតំណែង។
ការបោះឆ្នោតចំនួន២១៦សម្លេង ទល់នឹង២១០សម្លេង បានកត់ត្រាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសភាបានដកមេដឹកនាំរបស់ខ្លួនចេញ ដោយសមាជិកគណបក្សសាធារណរដ្ឋចំនួនប្រាំបីរូប បានបោះឆ្នោតជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យចំនួន២០៨រូប ដើម្បីដកលោក McCarthy ចេញពីតំណែង។ អតីតប្រធានសភារូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនឹងមិនឈរឈ្មោះជាបេក្ខេជនប្រធានសភាទៀតនោះទេ។

ការបណ្តេញប្រធានសភាចេញពីតំណែងនោះ គឺជារឿងអាស្រូវនយោបាយចុងក្រោយបំផុតក្នុងរយៈពេលមួយឆ្នាំ ខណៈសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានដឹកនាំទីក្រុងវ៉ាស៊ីនតោនឈានទៅរកការបរាជ័យដ៏មហន្តរាយលើបំណុលរបស់សហរដ្ឋអាមេរិកចំនួន៣១,៤សែនកោដិ៍ដុល្លារ ព្រមទាំងការបិទរដ្ឋាភិបាលដោយផ្នែកផងដែរ៕