ចំហេះព្រៃដ៏មហន្តរាយក្នុងឆ្នាំនេះ របស់ប្រទេសកាណាដា បានបំផ្លិចបំផ្លាញព្រៃឈើជាច្រើន រួមទាំងជីវិតសត្វព្រៃដ៏ច្រើនលើសលុប ដែលបណ្ដាលឲ្យបាត់បង់ការបង្កកំណើតសត្វព្រៃ សំបុក ឬដានសត្វព្រៃជាច្រើនផ្សេងទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

នៅក្នុងភូមិ woodlands នៃខេត្តកេប៊ិក របស់កាណាដា អ្នកប្រមាញ់ជាច្រើន បានព្យាយាមស្វែងរកសត្វប្រមាញ់នៅក្នុងទឹកដីដូនតានៃកុលសម្ព័ន្ធជនជាតិដើមភាគតិចរបស់ខ្លួន ដែលបានចិញ្ចឹមជីវិតគ្រួសាររបស់ពួកគេ ប៉ុន្តែនៅក្នុងព្រៃទាំងមូលហាក់ដូចជាវាលខ្សាច់ ដែលមិនមានដានសត្វព្រៃនោះឡើយ។

ប្រជាជននៅក្នុងភូមិ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Montreal មួយនេះ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីចំហេះព្រៃកាលពីខែមិថុនា។ ដោយមិនមានគម្របព្រៃឈើទៀត អ្នកប្រមាញ់មិនមានអ្វីនៅសេសសល់សម្រាប់បរបាញ់ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេឡើយ ហើយមានឱកាសតិចតួចប៉ុណ្ណោះ ដែលសត្វព្រៃនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។
ក្រុមអ្នកជីវវិទូបានលើកឡើងថា ប្រភេទសត្វមួយចំនួនអាចជាប់ខ្លួនយ៉ាងលឿនក្នុងចំហេះព្រៃ ព្រោះពួកវាមិនមានសមត្ថភាពក្នុងការហោះហើរ ឬរត់បានលឿនគ្រប់គ្រាន់ និងក្នុងចម្ងាយឆ្ងាយនោះទេ ខណៈប្រឈមមុខនឹងចំហេះដ៏ខ្លាំង និងរាលដាលលឿនដូចករណីចំហេះព្រៃនៅកាណាដានេះ៕