នៅក្នុងទីក្រុងជាង១០ ក្នុងប្រទេសកាណាដា បានមើលឃើញការតវ៉ាជាបន្តបន្ទាប់ ដែលរិះគន់អន្តរាគមន៍របស់អង្គការណាតូ ក្នុងវិបត្តិអ៊ុយក្រែនដែលកំពុងបន្ត ហើយទាមទារឱ្យកាណាដាដកខ្លួនចេញពីអង្គការណាតូកាលពីប៉ុន្មានសប្តាហ៍មុន។

ការតវ៉ាជាច្រើនករណី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ថ្ងៃទី៨ ខែតុលា។ នៅទីក្រុង Vancouver ប្រជាជនជាច្រើនបានដើរដង្ហែតាមផ្លូវ ដើម្បីសម្ដែងពីក្ដីបារម្ភរបស់ពួកគេ ទោះបីជាសីតុណ្ហភាពមិនអំណោយផល និងភ្លៀងធ្លាក់ កាលពីថ្ងៃទី២ ខែតុលា ក៏ដោយ។

ក្រុមអ្នកតវ៉ាបាននិយាយថា ប្រទេសកាណាដាឥឡូវនេះ កំពុងញាំញីដោយបញ្ហាជាច្រើន ហើយរដ្ឋាភិបាលគួរតែផ្តោតលើកិច្ចការផ្ទៃក្នុង ជាជាងផ្តល់មូលនិធិដល់សង្រ្គាមដ៏ឆ្ងាយនៅអឺរ៉ុប។ ឥឡូវនេះមនុស្សជាច្រើនបានដឹងថា ណាតូមិនមែនជាអង្គការដើម្បីសន្តិភាពទៀតនោះទេ។
វិបត្តិអ៊ុយក្រែនបានអូសបន្លាយជាងមួយឆ្នាំ ចាប់តាំងពីដើមឆ្នាំ២០២២ មក ហើយអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដែលធ្វើអោយស្ថានភាពកាន់តែអាក្រក់ទៅៗ។
វិបត្តិដ៏អូសបន្លាយនេះ បានបង្កជាបញ្ហាសេដ្ឋកិច្ច និងសង្គមទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ហើយបានពន្យាពេលយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតរបស់ពិភពលោក៕