ឥណ្ឌា ៖ ទោះបីជាបណ្ដាសាកលវិទ្យាល័យកាណាដា និងភ្នាក់ងារឥណ្ឌាធានាថា ភាពតានតឹងការទូតរវាងឥណ្ឌា និងកាណាដានាពេលថ្មីៗនេះ មានលក្ខណៈបណ្តោះអាសន្ន ហើយសកម្មភាពក្នុងវិស័យផ្សេងៗនៅដំណើរការធម្មតាក្នុងប្រទេសភាគខាងជើងដ៏ធំមួយនេះក៏ដោយ ប៉ុន្តែគោលបំណងនិស្សិតឥណ្ឌាមួយចំនួនធំដែលប្រាថ្នាចង់ទៅសិក្សានៅបរទេស ត្រូវបានផ្លាស់ប្តូរដោយសារជម្លោះកាន់តែខ្លាំងឡើង។
ជម្លោះការទូតរវាងប្រទេសទាំងពីរ បានបង្កក្តីបារម្ភដល់និស្សិតឥណ្ឌា ជាពិសេសអ្នកដែលបានស្នើសុំទិដ្ឋាការសម្រាប់និស្សិត។ ខណៈពេលដែលបេក្ខជនមួយចំនួនបានទទួលទិដ្ឋាការរបស់ពួកគេដោយជោគជ័យ ប៉ុន្តែអ្នកផ្សេងទៀតកំពុងមានអារម្មណ៍ភ័យខ្លាច ដោយសារសាកលវិទ្យាល័យកាណាដាបានណែនាំពួកគេឱ្យរង់ចាំកាលវិភាគចូលរៀនបន្ទាប់។
ដោយមើលឃើញពីការព្រួយបារម្ភនៃការពន្យារពេលទិដ្ឋាការសម្រាប់សិស្ស និងការកាត់បន្ថយដែលអាចកើតមានលើតួលេខនិស្សិតឥណ្ឌានៅក្នុងប្រទេសកាណាដា បណ្ដានិស្សិតឥណ្ឌាឥឡូវនេះកំពុងស្វែងរកទិសដៅសិក្សាថ្មីជំនួសវិញ ដូចជាអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម៕


