កូរ៉េខាងត្បូង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចាង ហូជីន (Chang Ho-jin) បានជួបជាមួយសមភាគីជប៉ុន លោក ម៉ាសាតាកា អូកាណូ (Masataka Okano) នៅថ្ងៃព្រហស្បតិ៍ (៥ តុលា) នេះ នៅទីក្រុងសេអ៊ូល ដែលជាកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីលើកដំបូង ក្នុងរយៈពេលប្រាំបួនឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរកាលពីខែមីនា។
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកចាង និងលោកអូកាណូ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាសកល និងតំបន់ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្តេជ្ញាថា នឹងចាប់ផ្តើមឡើងវិញនូវ «ទំនាក់ទំនងការទូតទៅវិញទៅមក» ដែលបានផ្អាកកាលពីមុន នៃដំណើរទស្សនកិច្ចមេដឹកនាំជាទៀងទាត់រវាងប្រទេសទាំងពីរ។
គួររម្លឹកផងដែរថា កិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូងរវាងប្រទេសទាំងពីរនេះ បានធ្វើឡើងកាលពីឆ្នាំ២០០៥ ប៉ុន្តែត្រូវបានផ្អាកនៅឆ្នាំ២០១៤ ស្របពេលទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែមានភាពតានតឹង៕

