ភ្នំពេញ ៖ កូហ្វី ជាទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលកូរ៉េ ដែលស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាលនិងសុខុមាលភាព នៃ សាធារណរដ្ឋកូរ៉េខាងត្បូង ផ្តោតសំខាន់លើវិស័យសុខាភិបាល ដែលបានសហការជាមួយក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១១ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសផ្នែក មាតាទារក និងកុមារ មកដល់បច្ចុប្បន្ន បានលើកកម្ពស់ផ្នែក មាតាទារក និងកុមារទៅលើខេត្តគោលដៅចំនួន៣ មានខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គីម សាំងយន់ ប្រធានអង្គការ Kofi កូរ៉េ ប្រចាំកម្ពុជា យ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងឧបករណ៍ ពេទ្យ ដែលមានសិក្ខាកាមមក មន្ទីរពេទ្យបង្អែកនានា ។
លោកវេជ្ជបណ្ឌិត គីម សាំងយន់ បានបន្តថា អង្គការ កូហ្វី បានផ្តល់ជាសម្ភារៈ ក៏ដូចជា ថវិកា ដល់មន្ទីរពេទ្យខេត្តទាំងបីខាងលើ ដែលគិតជាទឹកប្រាក់ ១.៥លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១ដល់សព្វថ្ងៃនេះ ។ ទន្ទឹមនឹងនេះ កូហ្វី បានផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ទាមទារចាំបាច់នូវការថែទាំសម្ភារៈ បរិក្ខារពេទ្យ ដូច្នេះហើយទើប កូហ្វី ធ្វើការគាំទ្រអោយមានវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការថែទាំសម្ភារៈដល់មន្ត្រីមន្ទីរពេទ្យ ក្នុងការថែទាំសម្ភារៈវេជ្ជសាស្ត្រ ។ សម្រាប់ផែនការអនាគត កូហ្វីនឹងសហការបន្ថែមជាមួយក្រសួងសុខាភិបាលកម្ពុជា ទៅលើជំងឺមិនឆ្លង ដែលជាគោលការណ៍ ធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាលកាន់នៅកម្ពុជាកាន់ល្អតែប្រសើរ ។
ជាមួយគ្នានោះដែរ លោកស្រី វេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមន្ទីរពេទ្យជប៉ុន បានថ្លែងអំណរគុណចំពោះអង្គការកូហ្វី ដែលតែងតែផ្តល់ការបណ្តុះបណ្តាលជំនាញផ្សេងៗ ក៏ដូចជា ជំនាញថែទាំសម្ភារៈបរិក្ខារវេជ្ជសាស្ត្រនាពេលនេះ ។ លោកស្រីវេជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើសូមអោយសិក្ខាកាមទាំងអស់ខិតខំសិក្សារៀនសូត្រ ព្រោះវា មានសារៈសំខាន់ណាស់ក្នុងការទទួលបាន បច្ចុប្បន្នភាព ឧបករណ៍ នៅតាមមន្ទីរពេទ្យនីមួយៗ ដូចជា ចំនួនឧបករណ៍ ស្ថានភាពប្រើប្រាស់ ស្ថានភាពដំណើរការ ហើយក្រសួងមានការងាយស្រួលធ្វើផែនការទប់ស្កាត់ ជំងឺឆ្លងផ្សេងៗ ដោយមានទិន្នន័យឧបករណ៍ពេទ្យច្បាស់លាស់ផងដែរ ៕
អត្ថបទ ៖ រដ្ឋា


