សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នៃកងទ័ពជើងគោក បានអំពាវនាវដល់យុវជនជំនាន់ក្រោយ ឱ្យចូលរួមការពារ និងទប់ស្កាត់ការរំលោភបំពានខ្សែបន្ទាត់ព្រំដែន ប្រាសាទបុរាណ ពីសំណាក់ប្រទេសជិតខាងជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងតំបន់យោធភូមិភាគទី៤ ដែលមានប្រវែង៤៧៩គីឡូម៉ែត្រ ខណៈដែលមេបញ្ជាការខ្លះជិតចូលនិវត្តន៍។
ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងបែបនេះ នៅខាងមុខយុវជនជាច្រើន ក្នុងយុទ្ធនាការដាំកូនឈើទ្រង់ទ្រាយធំ នៅយោធភូមិភាគទី៤កាលពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១នេះ។
លោកឧត្ដមសេនីយ៍ មានប្រសាសន៍ថា យោធភូមិភាគទី៤ បានគ្រប់គ្រងតំបន់ចំនួន៤ខេត្ដដែលសុទ្ធ សឹងជាខេត្ដដែលសំបូរដោយប្រាសាទបុរាណរាប់រយប្រាសាទ។ជាមួយគ្នានោះ មានខេត្ដចំនួន២ខេត្ដបានជាប់ព្រំប្រទល់ ជាមួយប្រទេសថៃ ប្រទេសឡាវ រួមមាន ខេត្ដឧត្ដរមានជ័យ និងខេត្ដព្រះវិហារ ដែលមានប្រវែង៤៧៩គីឡូម៉ែត្រ ក្នុងនោះ មានព្រំដែនជាមួយប្រទេសថៃ ប្រវែង៣៥០គីឡូម៉ែត្រ និងជាប់ជាមួយប្រទេសឡាវប្រវែង១២៩គីឡូម៉ែត្រ ។
លោកឧត្ដមសេនីយ៍ បានបន្ដថា នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងនោះ ក៏សំបូរដោយប្រាង្គប្រាសាទបុរាណ នៅ ដែលបុព្វបុរសខ្សែបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ដូច្នេះក្រុមយុវជនជំនាន់ក្រោយត្រូវយល់ដឹង និងចូលរួមការពារនិងទប់ស្កាត់កុំឱ្យមានការបាត់បង់ ព្រោះថា ថ្នាក់ដឹកនាំកងកម្លាំងដែលបានគ្រប់គ្រងនាពេលបច្ចុប្បន្ននេះ មានវ័យជិតចូលនិវត្តន៍ហើយ។ឯកឧត្ដមបានបន្ថែមថា ប្រាសាទបុរាណមួយចំនួន ត្រូវបានប្រទេសជិតខាងរំលោភយក ហើយមួយចំនួនទៀតកំពុងប្រឈម ដែលកូនខ្មែរគ្រប់រូប ត្រូវយល់ដឹងពីស្ថានភាពនៅតាមព្រំដែនផងដែរ។
បើយោងតាមឯកសារការស្រាវជ្រាវ បានបង្ហាញថា ខេត្តឧត្តរមានជ័យ មានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២ កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់និងនៅជាប់ព្រំដែនថៃ មាន ដូចជា ប្រាសាទតាមន្ត និងប្រាសាទតាក្របីជាដើម។ ដោយឡែកនៅខេត្ដព្រះវិហារ មានប្រាសាទបុរាណដែលសំខាន់ធំជាងគេគឺប្រាសាទព្រះវិហារ៕
អត្ថបទ៖ ឈិត សាវី