
សហរដ្ឋអាមេរិកធ្វើការសាកល្បងប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួន នៅថ្ងៃពុធ (ទី៤ ខែតុលា) ដោយផ្ដល់ការជូនដំណឹងតាមរយៈទូរស័ព្ទដៃ វិទ្យុ និងទូរទស្សន៍ទៅកាន់ប្រជាជនអាមេរិករាប់លាននាក់។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) និងគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) កំពុងដំណើរការធ្វើតេស្តសាកល្បងនេះ ដើម្បីធានាថា ប្រព័ន្ធប្រកាសអាសន្ននេះដំណើរការបានយ៉ាងត្រឹមត្រូវ។
ការជូនដំណឹងនឹងចាប់ផ្តើមនៅម៉ោង ២:២០រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៨:២០ ម៉ោងសកល) ដោយមានសារជាអក្សរលេចឡើងនៅលើទូរស័ព្ទដៃ ដែលសរសេរថា៖ «នេះគឺជាការធ្វើតេស្តនៃប្រព័ន្ធប្រកាសអាសន្នជាតិឥតខ្សែ។ មិនចាំបាច់មានសកម្មភាពអ្វីទេ។ សារនឹងត្រូវបានបង្ហាញជាភាសាអង់គ្លេស ឬភាសាអេស្ប៉ាញ អាស្រ័យលើការកំណត់ភាសារបស់ឧបករណ៍»។
ការព្រមានដាច់ដោយឡែកនឹងត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ និងវិទ្យុ ហើយមានរយៈពេលប្រហែលមួយនាទី។ FEMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះនឹងក្លាយជាការធ្វើតេស្តលើកទី៧ នៃប្រព័ន្ធប្រកាសអាសន្ន ដោយបានបន្ថែមថា គោលបំណងនៃការសាកល្បងនេះ «គឺដើម្បីធានាថា ប្រព័ន្ធនេះបន្តក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្ដល់សញ្ញាព្រមានដល់សាធារណជនអំពីភាពអាសន្ននានា»៕