
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានប្រទេសកូរ៉េខាងជើងយ៉ាងដិតដល់ចំពោះសញ្ញានៃរបបឯកោដែលហាក់ដូចជាបានបញ្ឈប់ប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនៅក្នុងបរិវេណមជ្ឈម ណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរYongbyonរបស់ខ្លួន។
សារព័ត៌មាន Dong-A Ilbo បានរាយការណ៍មុននេះថា អាជ្ញាធរចារកម្មរបស់សម្ព័ន្ធមិត្ត បានរកឃើញសញ្ញាដែលបង្ហាញថា ម៉ាស៊ីនរ៉េអាក់ទ័រកម្លាំង ៥មេហ្គាវ៉ាត់ បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នកាលពីចុងខែមុន ហើយមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជឿថា សកម្មភាពនេះ អាចពាក់ព័ន្ធនឹងការកែច្នៃប្រេងឥន្ធនៈដែលប្រើក្នុងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីទាញយកសារធាតុប្លាតូនីញ៉ូម ដែលមានកម្រិតអាចផលិតអាវុធបាន។
លោក Jeon Ha-kyou អ្នកនាំពាក្យក្រសួង បានថ្លែងប្រាប់សន្និសីទកាសែតជាប្រចាំ នៅពេលសួរអំពីរបាយការណ៍នេះថា៖«អាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានចលនាពាក់ព័ន្ធនេះយ៉ាងដិតដល់បំផុត»។
ម៉ាស៊ីនរ៉េអាក់ទ័រនៅក្នុងបរិវេណរោងចក្រនុយក្លេអ៊ែរ នៅភាគខាងជើងនៃទីក្រុងព្យុងយ៉ាង បានបង្ហាញសញ្ញានៃការដំណើរការ ចាប់តាំងពីខែកក្កដាឆ្នាំ ២០២១។ ក្នុងខែមេសា គេហទំព័រ 38 North ដែលជាគេហទំព័ររបស់សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែកដល់ការវិភាគលើប្រទេសកូរ៉េខាងជើង បាននិយាយ ដោយបានដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្មថា កូរ៉េខាងជើងហាក់ដូចជាកំពុងពង្រីកនិងជួសជុលម៉ាស៊ីនរ៉េអាក់ទ័រនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរYongbyon។