ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កំពុងបន្តពង្រឹងក្របខណ្ឌគតិយុត្តិ ដើម្បីធានាបច្ចេកវិទ្យាហិរញ្ញវត្ថុ ឲ្យមានសុវត្ថិភាព និងស្ថិរភាព ចៀសវាងការប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុអាចបង្ករនូវហានីភ័យផ្សេងៗ ពាក់ព័ន្ធការលួច, បន្លំ និងការ សម្អាតប្រាក់ និងសន្តិសុខសាយប័រជាដើម។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ នៅថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣ នេះថា បច្ចេកវិទ្យាមានសារៈ សំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុក៏អាចបង្កឲ្យមានហានិភ័យផ្សេងៗ ពាល់ព័ន្ធការលួច បន្លំ ការសម្អាតប្រាក់ សន្តិសុខសាយប័រ និងការបំពានលើឯកជនភាពរបស់បុគ្គលជាដើម។
ធនាគារជាតិនៃកម្ពុជា បានព្យាយាមរក្សាតុល្យភាព រវាងគុណសម្បត្តិ និងហានិភ័យ ក្នុងការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបន្តពង្រឹងក្របខណ្ឌ គតិយុត្តិ ដើម្បីធានាបច្ចេកវិទ្យាហិរញ្ញវត្ថុ មានស្ថិរភាព និងមិនប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុទូទៅនៅកម្ពុជា អនុលោម ឧត្តមានុវត្តន៍អន្តរជាតិ និងគាំទ្រក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
ធនាគារជាតិនៃកម្ពុជា ក៏បានរៀបចំ និងដាក់ចេញនូវផែនទីមគ្គុទេសន៍ អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ធនាគារ ២០២០-២០២៥ និងបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងពិនិត្យរៀបចំគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ កម្ពុជា ២០២៣-២០២៨ នេះផងដែរ។
លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា បច្ចេកវិទ្យាមានសារៈខាន់ណាស់សម្រាប់ការទំនាក់ទំនង វិនិយោគ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ក្នុងនោះបច្ចេកវិទ្យាសម្រាប់ហិរញ្ញវត្ថុរិតតែ មានសារៈសំខាន់ថែមទៀត ក្នុងការដាក់ប្រាក់ ដកប្រាក់ ឬការទូទាត់សាច់ប្រាក់ផ្សេងៗ ដោយបានផ្តល់នូវភាពងាយស្រួលនៅក្នុង ប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុ ប៉ុន្តែយ៉ាងណាក៏នៅតែមានជនខិលខូចប្រព្រឹត្តអំពើមិនត្រឹមត្រូវ ដែលបញ្ហានេះទាមទារឲ្យយើងមាន ចំណេះដឹង និងត្រូវប្រុងប្រយ័ត្នខ្ពស់នៅលើការប្រើប្រាស់ប្រព័ន្ធនេះ៕ អត្ថបទ៖ សុន រ៉ាឌី