
ក្រុមឧទ្ទាមធួរ៉ែក (Tuareg) ភាគខាងជើងនៃប្រទេសម៉ាលី បាននិយាយកាលពីថ្ងៃពុធថា ពួកគេ បានដណ្តើមយកមូលដ្ឋានយោធាមួយផ្សេងទៀតពីកងទ័ពម៉ាលី ដែលនាំមកនូវចំនួនជំរំដែលត្រូវដណ្តើមបាន ឡើងដល់៥ កន្លែងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Mohamed Elmaouloud Ramadane អ្នកនាំពាក្យសម្រាប់ការសម្របសម្រួលនៃចលនា Azawad (CMA) បានប្រាប់សារព័ត៌មានរ៉យទ័រថា យុទ្ធជនរបស់ខ្លួន បានកាន់កាប់ជំរំកងទ័ពម៉ាលី នៅតំបន់ Taoussa បន្ទាប់ពីមានការប្រយុទ្ធគ្នា។ ពុំមានសេចក្តីថ្លែងការណ៍ភ្លាមៗពីកងទ័ពនោះទេ។
CMA គឺជាសម្ព័ន្ធភាពនៃក្រុមឧទ្ទាមដែលបង្កើតឡើងដោយប្រជាជនធួរ៉ែកពាក់កណ្តាលពនេចររបស់ប្រទេសម៉ាលី ដែលបានត្អូញត្អែរពីការធ្វេសប្រហែសរបស់រដ្ឋាភិបាលជាយូរមកហើយ និងស្វែងរកស្វ័យភាពសម្រាប់តំបន់វាលខ្សាច់ដែលពួកគេហៅថា Azawad ។
CMA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលមុន និងកងជីវពលគាំទ្ររដ្ឋាភិបាលនៅក្នុងឆ្នាំ ២០១៥។ ប៉ុន្តែភាពតានតឹង បានកើតមានឡើងវិញ ចាប់តាំងពីយោធា បានបង្រួបបង្រួមអំណាចនៅក្នុងរដ្ឋប្រហារពីរក្នុងឆ្នាំ ២០២០ និង ២០២១ ដោយបានសហការជាមួយក្រុមទាហារស៊ីឈ្នួល
Wagner Group របស់រុស្ស៊ី ហើយបានបណ្តេញកងកម្លាំងបារាំង និងកងរក្សាសន្តិភាពUNចេញពីប្រទេសនេះ។