
ក្រុមបាតុករមួយក្រុមតូច បានធ្វើការតវ៉ា នៅទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) នេះ ប្រឆាំងនឹងការបញ្ចេញជាលើកទី២ នូវទឹកសំណល់ដែលបានធ្វើប្រព្រឹត្តិកម្មរួចហើយ នៅព្រឹកថ្ងៃនេះ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការបំផ្លិចបំផ្លាញ។
ដោយបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារការិយាល័យរបស់អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហុងកុង ក្រុមបាតុករទាំងនោះ បានប្រគល់លិខិតដាក់ញត្តិឲ្យទៅមន្ត្រីពីស្ថានកុងស៊ុល ខណៈពេលដែលស្រែកថា «បញ្ឈប់ជាបន្ទាន់ចំពោះផែនការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ»។
បាតុករឈ្មោះ Pang Yap-ming វ័យ ៣១ឆ្នាំ បាននិយាយថា ប្រទេសជប៉ុន «មិនអាចបន្តភាពអាត្មានិយមដូច្នេះបានទៀតទេ» និង «មិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភជាអន្តរជាតិនិងសុខភាពរបស់ប្រជាជនមកពីបណ្តាប្រទេសជិតខាងអាស៊ី»។
សូមបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ ក្នុងខែសីហា ខណៈដែលក្រុងហុងកុងបានបញ្ឈប់ការនាំចូលផលិតផលគ្រឿងសមុទ្រជប៉ុនពីខេត្តចំនួន១០៕