
អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) នេះ បាននិយាយថា ការបែកបាក់ផ្ទៃក្នុងរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបង្កើតឲ្យមាននូវមន្ទិលសង្ស័យលើការបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែន គឺជា «ដំណឹងមិនល្អ» តែលោកបង្ហាញក្តីសង្ឃឹមថា នេះមិនទាន់ជាគោលជំហរចុងក្រោយនៅឡើយទេ។
លោកបាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ដែលជាវេទិកា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសជាង ៤០ ដែលបានបង្កើតឡើងបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
បណ្ដាមេដឹកនាំអឺរ៉ុប ដែលជួបជុំគ្នានៅទីក្រុង Granada របស់អេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងធានាដល់លោក Volodymyr Zelenskyy នូវការគាំទ្ររយៈពេលវែង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្ហាញនូវការភ័យខ្លាចថា ការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋសភា អាចប៉ះពាល់ដល់គោលនយោបាយរបស់សហរដ្ឋអាមេរិក ជុំវិញការបន្តផ្ដល់ជំនួយដល់ទីក្រុងគីវ៕