
សេវាសន្តិសុខរដ្ឋនៃប្រទេសអាស៊ែបៃហ្សង់ បានបញ្ជាក់ជាផ្លូវការពីការចាប់ខ្លួនលោក Arayik Harutyunyan ដែលជាអតីតមេដឹកនាំសាធារណរដ្ឋអាតសាក់ (Artsakh) (តំបន់ណាហ្គ័រណូ-ការ៉ាបាក់) ដោយបានបញ្ចេញនូវវីដេអូនៃការចាប់ខ្លួននេះ និងការសួរចម្លើយជាបន្តបន្ទាប់។
លោក Harutyunyan ប្រឈមនឹងការចោទប្រកាន់នៃការជាប់ពាក់ព័ន្ធរបស់លោក នៅក្នុងសង្រ្គាមលុកលុយនៅលើដែលដីអាស៊ែបៃហ្សង់ ការកេណ្ឌទ័ព ការបណ្តុះបណ្តាល ការផ្តល់ហិរញ្ញប្បទានដល់ទាហានស៊ីឈ្នួល និងការចូលរួមក្នុងការបង្កើតក្រុមប្រដាប់អាវុធ ដែលមិនត្រូវបានទទួលស្គាល់ដោយច្បាប់របស់ប្រទេសអាស៊ែបៃហ្សង់។
លោកក៏ត្រូវបានចោទប្រកាន់ពីបទរៀបចំសកម្មភាពសម្រាប់ក្រុមទាំងនេះ ដោយផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ សម្ភារៈយោធា និងរៀបចំវគ្គបណ្តុះបណ្តាល។ លើសពីនេះទៀត លោក Harutyunyan ត្រូវបានចោទប្រកាន់ពីបទបាញ់ផ្លោងដាក់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងទីក្រុង Ganja និងតំបន់ Barda អំឡុងពេលសង្រ្គាមរយៈពេល ៤៤ថ្ងៃ។
លោក Harutyunyan ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣ ខែតុលា នៅទីក្រុង Stepanakert ហើយត្រូវបាននាំយកទៅកាន់រដ្ឋធានីបាគូ។ លោកត្រូវបានផ្តល់ឲ្យមានមេធាវីការពារក្ដីសាធារណៈ ដែលមានឈ្មោះថា លោក Alov Safaraliev។ គួររំលឹកផងដែរថា អាស៊ែបៃហ្សង់ក៏បានចាប់ខ្លួនផងដែរនូវអតីតមេដឹកនាំសាធារណរដ្ឋអាតសាក់ (Artsakh) លោក Arkady Ghukasyan និងលោក Bako Sahakyan ខណៈដែលមេដឹកនាំបច្ចុប្បន្នលោក Samvel Shahramanyan ស្ថិតនៅក្នុងប្រទេសអាមេនី៕