
កម្ទេចកម្ទី និងសាកសព ត្រូវបានគេឃើញអណ្ដែត នៅក្បែរទំនប់ទឹក Teesta Stage 5 នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) ក្នុងរដ្ឋ Sikkim របស់ប្រទេសឥណ្ឌា បន្ទាប់ពីតំបន់នេះ ត្រូវរងគ្រោះដោយទឹកជំនន់ដ៏គំហុកភ្លាមៗ ដែលបណ្ដាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅលើបឹងទឹកកកមួយ។
មានសេចក្ដីរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់ ហើយជាង ១០០នាក់ កំពុងបាត់ខ្លួននៅក្នុងតំបន់ ក្នុងនោះរួមទាំងទាហានយ៉ាងហោចណាស់ ២២នាក់ផងដែរ ហើយតាមសេចក្តីរាយការណ៍ទាំងនោះ បានឲ្យដឹងថា បន្ទប់សម្រាប់ត្រួតពិនិត្យ មានទីតាំងស្ថិតនៅលើកំពូលនៃទំនប់ទឹកកម្ពស់ ៨៨,៦ម៉ែត្រនោះ។
ប្រព័ន្ធផ្សព្វផ្សាយទាំងនោះបានបន្ថែមទៀតថា សាកសពបុគ្គលិកម្នាក់ក៏ត្រូវបានគេស្រង់ចេញពីទំនប់ទឹកនេះផងដែរ បន្ទាប់ពីជនរងគ្រោះបានជាប់នៅក្នុងបន្ទប់គ្រប់គ្រងនោះ។ កន្លងមក មានសេចក្តីរាយការណ៍ថា ទំនប់នេះបានរងការខូចខាតដោយទឹកជំនន់ ប៉ុន្តែរចនាសម្ព័ន្ធ នៅតែដំណើរការបានដដែល។
សូមរំលឹកថា ភ្លៀងមួយយ៉ាងខ្លាំងមួយមេធំ ក្នុងរយៈពេលខ្លី នៅបឹងទឹកកក Lhonak កាលពីថ្ងៃពុធ (ទី៤ ខែតុលា) បង្កឲ្យមានទឹកជំនន់យ់ាងគំហុកភ្លាមៗ នៅតំបន់ជ្រលងភ្នំ Teesta ដែលចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុង Gangtok ជិតព្រំដែនជាមួយប្រទេសចិន៕