
ប្រធានាធិបតីប៉ូឡូញ នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) បាននិយាយថា ប្រទេសប៉ូឡូញនៅតែមិនយល់ស្របនឹងកិច្ចព្រមព្រៀងជនអន្តោប្រវេសន៍ណាមួយរបស់សហភាពអឺរ៉ុប ដែលពាក់ព័ន្ធដល់ការផ្លាស់ទីលំនៅរបស់ជនអន្ដោប្រវេន៍ទាំងនោះ ដោយការលើកឡើងនេះ កើតមាន អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រី ដែលជិតនឹងចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU)។
លោកប្រធានាធិបតី លោក Andrzej Duda និងនាយកមន្ត្រី លោក Mateusz Morawiecki បាននិយាយក្នុងទីក្រុងវ៉ាសូវី នៅមុនកិច្ចប្រជុំកំពូលរបស់ EU នៅទីក្រុង Granada ប្រទេសអេស្ប៉ាញ ដែលនឹងពិភាក្សាអំពីវិធីដោះស្រាយការកើនឡើងការមកដល់របស់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍មកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលទាំង២ ត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមសម្រាប់ប្លុកនេះ។
គណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញ ក៏ត្រូវប្រឈមនឹងការបោះឆ្នោតនៅថ្ងៃទី១៥ ខែតុលានេះ ហើយការសន្យាដ៏សំខាន់មួយ ពេលធ្វើយុទ្ធនាការ គឺការការពារប៉ូឡូញពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ ប្រទេសនេះបានប្រកាសការធ្វើប្រជាមតិលើបញ្ហានេះ នៅថ្ងៃតែមួយជាមួយនឹងពេលបោះឆ្នោត៕