
ក្រុមអ្នកស្រាវជ្រាវបារាំង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កំពូលភ្នំខ្ពស់បំផុត Mont Blanc នៅតំបន់អឺរ៉ុបខាងលិច បានរួមតូចកម្ពស់ជាង ២ម៉ែត្រ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ។
ក្រុមអ្នកជំនាញភូមិសាស្រ្ត ដែលបានធ្វើការវាស់វែងរាល់រយៈពេល ២ឆ្នាំម្តងនោះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Chamonix ស្ថិតក្នុងតំបន់ភ្នំអាល់ ប្រទេសបារាំងថា ភ្នំមួយនេះបច្ចុប្បន្នមានកម្ពស់ ៤.៨០៥ម៉ែត្រ ប៉ុណ្ណោះ ពោលគឺទាបជាងការវាស់លើកចុងក្រោយរបស់ពួកគេឃើញមានកម្ពស់ជាង ៤.៨០៧ម៉ែត្រ កាលពីខែកញ្ញា ឆ្នាំ ២០២១ ។
ក្រុមអ្នកជំនាញនិយាយថា បច្ចុប្បន្នវាអាស្រ័យលើក្រុមអាកាសធាតុ និងក្រុមអ្នកវិទ្យាសាស្រ្តពិនិត្យមើលទិន្នន័យដែលប្រមូលបាន ដើម្បីពន្យល់ពីបាតុភូតនេះ ។
ស្របពេលដែលការប្រកាសអាសន្ន កើនឡើងនៅទូទាំងពិភពលោកពាក់ព័ន្ធនឹងការរលាយផ្ទាំងទឹកកនោះ កម្ពស់ផ្លូវការរបស់ភ្នំ Mont Blanc បានបន្តធ្លាក់ចុះអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ។
ដោយឡែក ផ្ទាំងទឹកកកនៅក្នុងប្រទេសស្វីស បានរលាយក្នុងអត្រាខ្ពស់បំផុតក្នុងឆ្នាំនេះ ក្រោយការបាត់បង់ច្រើនបំផុតកាលពីឆ្នាំ ២០២២ ធ្វើឲ្យទំហំរបស់វារួមតួចប្រហែល ១០ភាគរយ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ៕