
កាសែត Izvestiya បានរាយការណ៍ដោយដកស្រង់សម្តីមេដឹកនាំតំបន់ថា រុស្ស៊ីមានគម្រោងកសាងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅតំបន់បំបែកខ្លួន Abkhazia (អាប់ខាស៊ី)របស់ប្រទេសហ៊្សកហ្ស៊ី រយៈពេល ១ថ្ងៃក្រោយជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
លោក Aslan Bzhania គឺជាប្រធានាធិបតីស្វ័យនាមរបស់តំបន់បំបែកខ្លួនគាំទ្រដោយរុស្ស៊ីមួយនេះ និយាយថា កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាសម្រាប់មូលដ្ឋានកងទ័ពជើងទឹកអចិន្រ្តៃយ៍របស់រុស្ស៊ីនៅតំបន់ Ochamchira ។
រុស្ស៊ី បានទទួលស្គាល់តំបន់បំបែកខ្លួន Abkhazia និងតំបន់បំបែកខ្លួន South Ossetia ថាជារដ្ឋឯករាជ្យកាលពីឆ្នាំ ២០០៨ ក្រោយទាហានរុស្ស៊ី រុញច្រានការព្យាយាមរបស់ហ៊្សកហ្ស៊ី ក្នុងការដណ្តើមយកតំបន់មួយនេះមកវិញ អំឡុងសង្រ្គាមរយៈពេល ៥ថ្ងៃ ដែលបានបញ្ចប់ទៅនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៨ ។
កាសែត Wall Street Journal បានរាយការណ៍ថា រុស្ស៊ី បានដកចេញកងនាវាជើងទឹកសមុទ្រខ្មៅក្នុងចំនួនដ៏ច្រើនចេញពីមូលដ្ឋានសំខាន់របស់ខ្លួននៅតំបន់គ្រីមៀ ដោយសារតែការវាយប្រហាររបស់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីពុំទាន់បានផ្តល់សេចក្តីអធិប្បាយភ្លាមៗនោះទេ ចំពោះសេចក្តីរាយការណ៍របស់កាសែត Wall Street Journal៕