កំពង់ឆ្នាំង៖ ប្រជាកសិករខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៣នេះ ធ្វើស្រែវស្សាបានលើសផែនការ ខណៈស្រូវវស្សាកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមានការរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះឡើយ ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ។
លោក ងិន ហ៊ុន បានថ្លែងឲ្យដឹងទៀតថា៖ នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំងមានផែនការធ្វើស្រែវស្សានៅលើផ្ទៃដីសរុបចំនួន១៤០ ៦០០ហិកតា ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ប្រជាកសិករសម្រេចធ្វើការដាំដុះស្រូវវស្សាបានលើសផែនការ គឺធ្វើបានលើផ្ទៃដីសរុបកើនដល់ ១២២ ០០០ហិកតា។ ក្នុងចំណោមស្រូវវស្សាទាំងនោះ ស្រូវស្រាលមានចំនួន ២៩ ៤៥០ហិកតា ស្រូវកណ្តាលមានចំនួន ៦៥ ៦៤៤ហិកតា និងស្រូវធ្ងន់ធ្វើបានចំនួន ៤៥ ៥០៦ ហិកតា កើនលើសឆ្នាំ២០២២ចំនួន៤០ហិកតា ។ ដោយសារមានទឹកភ្លៀងគ្រប់គ្រាន់ ស្រូវវស្សាឆ្នាំនេះ កំពុងដុះលូតលាស់ល្អប្រសើរ ក្នុងនោះ រយះពេលប៉ុន្មានថ្ងៃនេះភ្លៀងបានបន្តធ្លាក់ចុះនៅតាមតំបន់ភ្នំ ប៉ុន្តែស្រែវស្សារបស់បងប្អូនប្រជាកសិករ មិនទាន់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅឡើយទេ ខណៈខេត្តនៅក្បែរខាងកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបន្តថា ក្រៅពីដាំដុះស្រូវវស្សាហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និងចិញ្ចឹមសត្វបន្ថែម ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត ៕ កាំង ហុងវាស្នា







