ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) បាននិយាយថា ការធ្លាក់យន្តហោះដែលបានសម្លាប់មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin កាលពីខែសីហា គឺបណ្តាលមកពីការបំផ្ទុះគ្រាប់បែកដៃនៅខាងក្នុងយន្តហោះ មិនមែនដោយការវាយប្រហារដោយមីស៊ីលនោះទេ។
យន្តហោះឯកជនឈ្មោះ Embraer ដែលលោក Prigozhin បានជិះធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី បានធ្លាក់នៅភាគខាងជើងនៃទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សទាំង១០នាក់ នៅលើយន្តហោះនោះកាលពីថ្ងៃទី ២៣ ខែសីហា រួមទាំងឥស្សរជនជាន់ខ្ពស់របស់ក្រុមទាហាន Wagner ពីររូបផ្សេងទៀត អង្គរក្សបួននាក់របស់លោក Prigozhin និងសមាជិកបើកយន្តហោះ៣នាក់។

លោក ពូទីន បានលើកឡើងថា យន្តហោះនេះត្រូវបានបំផ្ទុះចេញពីខាងក្នុង ដោយនិយាយថា ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានរាយការណ៍ប្រាប់លោកកាលពីប៉ុន្មានថ្ងៃមុន។
លោក ពូទីន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមធ្យោបាយដែលគ្រាប់បែកដៃមួយគ្រាប់ ឬគ្រាប់បែកដៃច្រើនគ្រាប់ អាចត្រូវបានគេបំផ្ទុះនៅលើយន្តហោះនោះទេ ប៉ុន្តែបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានធ្វើខុស ដែលមិនបានធ្វើតេស្ដជាតិអាល់កុល និងសារធាតុញៀន លើសាកសពអ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុ ព្រោះលោកពូទីន គិតថា លោក Prigozhin បានប្រើប្រាស់គ្រឿងញៀនក្នុងអំឡុងពេលការផ្ទុះកើតឡើង ខណៈដែលគ្រឿងញៀនកូកាអ៊ីនមួយចំនួន ត្រូវបានគេរកឃើញនៅការិយាល័យរបស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងទីក្រុង St. Petersburg កាលពីមុន។

ការបះបោររបស់លោក Prigozhin បានបង្កបញ្ហាប្រឈមដ៏ធំបំផុតចំពោះការគ្រប់គ្រងរបស់លោកពូទីន ចាប់តាំងពីអតីតចារកម្ម KGB រូបនេះ ឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៩មក។ ក្រុមអ្នកការទូតលោកខាងលិចបាននិយាយថា បញ្ហានេះបានបង្ហាញពីភាពតានតឹងលើប្រទេសរុស្ស៊ីនៃ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងអ៊ុយក្រែន៕
