ព្យុះទីហ្វុងខយនូ (Koinu) បានបោកបក់កាត់ភាគខាងត្បូងកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ដោយបានសម្លាប់មនុស្សម្នាក់ មនុស្សរបួសចំនួន៣០៤នាក់ និងបណ្តាលឱ្យមានការខូចខាតជាច្រើនក្នុងតំបន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បានបង្ខំមនុស្សរាប់លាននាក់នៅក្នុងទីក្រុងជាច្រើន ឱ្យខកខានការងារ និងការរៀនសូត្រ។

ជាមួយគ្នានោះដែរ ទីភ្នាក់ងារអង្កេតអាកាសធាតុជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធ បានរក្សាការព្រមានអាសន្នកម្រិតពណ៌លឿងសម្រាប់ព្យុះទីហ្វុងខយនូ ដែលជាព្យុះទីហ្វុងទី១៤ សម្រាប់ឆ្នាំនេះ ដោយបានគំរាមកំហែងប្រទេស និងត្រូវបានរំពឹងថាវាយប្រហារបណ្ដាតំបន់ភាគអាគ្នេយ៍ របស់ប្រទេសចិនផងដែរ។

យោងតាមទីភ្នាក់ងារហានិភ័យនៃព្យុះត្រូពិចបានឲ្យដឹងថា ព្យុះទីហ្វុងខយនូ ដែលមានន័យថា «កូនឆ្កែ» ជាភាសាជប៉ុន បានបោកបក់លើឧបទ្វីបហឹងឈុន (Hengchun) របស់កោះតៃវ៉ាន់ និងជាព្យុះទីហ្វុងប្រភេទទី៤ ដែលមានខ្យល់បក់រហូតដល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងចុះខ្សោយនៅពេលដែលព្យុះនេះឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ខេត្តក្វាងទុង របស់ប្រទេសចិន។
ភ្លៀងធ្លាក់ដ៏ខ្លាំងក្លាបំផុតបានធ្លាក់នៅតាមតំបន់ភ្នំ និងតំបន់មានប្រជាជនតិចតួចនៃស្រុកភីងទុង នៅភាគខាងត្បូង និងតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុងតៃទុង និងស្រុកហ័រលៀន ប៉ុន្តែព្យុះទីហ្វុងក៏បានប៉ះពាល់ដល់ទីក្រុងកំពង់ផែកៅសួង (Kaohsiung) ភាគខាងត្បូង របស់កោះតៃវ៉ាន់ផងដែរ៕
