បាល់ទាត់៖ ខ្សែបំរើក្រុមជំរើសជាតិស្កុតឡេន John Fleck ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមាន Covid-19 ក្នុងជំរំហ្វឹកហាត់របស់ក្រុមស្កុតឡេននៅទីក្រុង Alicante ប្រទេសអេស្ប៉ាញជាការត្រៀមខ្លួនសំរាប់ Euro ២០២០។

កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបានដាក់អោយនៅដាច់ដោយឡែក ហើយក៏នឹងមិនរួមដំណើរជាមួយក្រុមដែរនៅថ្ងៃពុធនេះ ក្នុងការប្រកួតមិត្តភាពជាមួយហូឡង់នៅលើទឹកដីព័រទុយហ្កាល់។ សមាគមបាល់ទាត់ស្កុតឡេនបានអោយដឹងថា ក្រៅពី John Fleck មិនមានកីឡាករណាម្នាក់ក្នុងក្រុមឆ្លងឡើយ បន្ទាប់ពីធ្វើតេស្តឡើងរួចរាល់ឃើញអវិជ្ជមាន។ ស្កុតឡេនដែលដឹកនាំដោយអ្នកចាត់ការលោក Steve Clarke នឹងមានការប្រកួតមិត្តភាពបន្តទៀត បន្ទាប់ពីជួបហូឡង់យប់នេះហើយ នឹងបន្តជួបជាមួយលុចហ្សាំបួរនៅថ្ងៃអាទិត្យ មុនពេលចាប់ផ្តើម Euro ២០២០ របស់ខ្លួនជួបជាមួយក្រុមសាធារណរដ្ឋឆេក ក្នុងទឹកដីរបស់ខ្លួននៅកីឡដ្ឋាន Hampden ថ្ងៃទី១៤ ខែមិថុនា។
កីឡាកររបស់ក្រុម Sheffield United, John Fleck គឺជាសមាជិកម្នាក់ក្នុងចំណោម ២៦នាក់នៃក្រុមជំរើសជាតិស្កុតឡេន ដែលនឹងបង្ហាញខ្លួនក្នុងការប្រកួតពានអន្តរជាតិធំបែបនេះ ជាលើកដំបូងក្នុងរយៈពេល ២៣ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ