ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌទួលគោក ដោយមានការចូលរួមពីកម្លាំងអាជ្ញាធរចម្រុះ និងក្មួយៗជាសិស្សានុសិស្ស ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្រុមយុវជនកាយរឹទ្ធិ បានរៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ។
លោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើប្រធានបទ « ទេសចរណ៍ និងការវិនិយោគបៃតង » ដែលសុទ្ធ សឹងជាអនុសាសន៍ដល់ខ្ពង់ខ្ពស់ និងផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេសជាតិទាំងមូល លើការបន្តកែប្រែមុខមាត់ប្រទេស ឈានទៅរកការអភិវឌ្ឍផ្នែកទេសចរណ៍ជាតិ ឱ្យកាន់តែខ្លាំងក្លា និងកើនឡើងជាលំដាប់ ។
លោកអភិបាលរង បានបន្តថា ទិវាទេសចរណ៍ពិភពលោកនេះ គឺយុទ្ធនាការសំខាន់សម្រាប់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានកាតព្វកិច្ចត្រូវចុះសម្អាតបរិស្ថានអនាម័យក្នុងសង្គមឱ្យបានល្អប្រសើរ ប្រកបដោយសោភណ្ឌភាព ដើម្បីប្រែក្លាយមុខមាត់ប្រទេសជាតិ ឱ្យក្លាយទៅជាទីក្រុងបៃតង ។
ក្រុមយុវជនស្ម័គ្រចិត្ត ក៏បានបង្ហាញអារម្មណ៍រីករាយពេលបានចូលរួមជាមួយក្រុមអាជ្ញាធរ ក្នុងសកម្មភាព រួមគ្នាសម្អាតបរិស្ថានអនាម័យសង្គមជាតិ ដោយពួកគាត់បានលើកឡើងថា ការសម្អាតបរិស្ថាន គឺត្រូវផ្តើមចេញពីការចូលរួមពីពលរដ្ឋគ្រប់ៗគ្នា និងគ្រប់ស្រទាប់វណ្ណៈ មិនអាចត្រូវពឹងផ្អែកតែលើក្រុមអាជ្ញាធរចុះរៀបចំតែមួយមុខ គឺមិនគ្រប់គ្រាន់ឡើយ ។
សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ខាងលើនេះ គឺនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ ផងដែរ ៕ អត្ថបទ ៖ លីហេង









