ទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទីក្រុង Derna របស់ប្រទេសលីប៊ី កាលពីខែមុន បានធ្វើឱ្យខូចខាតដល់ប្រាសាទបុរាណនៅទីក្រុង Cyrene នៃប្រទេសក្រិកនៅលើភ្នំក្បែរនោះ ប៉ុន្តែវាក៏បានបង្ហាញឱ្យឃើញនូវសំណល់បុរាណវត្ថុថ្មីៗនៅទីនោះផងដែរ ដោយសារទឹកជំនន់បានបណ្ដាលឲ្យបាក់ផែ្នកខ្លះនៃដី និងថ្ម ដែលបានកប់វត្ថុបុរាណទាំងនោះ។

ព្យុះដានីញ៉ែល (Daniel) បានបណ្តាលឱ្យមានភ្លៀងធ្លាក់កម្រិតមួយម៉ែត្រ នៅលើភ្នំនៃភាគខាងកើតប្រទេសលីប៊ី ដែលជាតួលេខមិនធ្លាប់មានពីមុនមក ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅពាក់កណ្តាលសតវត្សទី១៩ ហើយទឹកនៅតែបន្តហូរកាត់តំបន់នោះផងដែរ។
មន្ត្រីនាយកដ្ឋានវត្ថុបុរាណក្នុងស្រុក លោក Adel Boufjra បាននិយាយថា ទឹកជំនន់បានបណ្តាលឱ្យមានភក់ និងកម្ទេចថ្មជាច្រើនដុំ នៅក្នុងបន្ទប់ទឹកសម័យក្រិកបុរាណរបស់ទីក្រុង Cyrene ដែលនឹងតម្រូវឱ្យមានការបោសសម្អាតដោយអ្នកឯកទេស។
លោក Boufjra បានបន្ថែមថា ខណៈពេលដែលប្រថុយនឹងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរចំពោះប្រាសាទដ៏ស្រស់ស្អាតនៅទីក្រុង Cyrene ដែលត្រូវបានគេស្គាល់ថាឈ្មោះ Shehat និងជាទីទាក់ទាញសម្រាប់អ្នកទេសចរតាំងពីសតវត្សរ៍ទី១៨មកនោះ ទឹកក៏បានលាងជម្រះប្រព័ន្ធលូសម័យរ៉ូម៉ាំង ដែលមិនធ្លាប់ត្រូវបានស្គាល់ពីមុនមកផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គការអាកាសធាតុពិភពលោក ដែលជាក្រុមស្រាវជ្រាវអន្តរជាតិបាននិយាយថា បម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យមានភ្លៀងធ្លាក់ដល់ទៅ៥០%ច្រើនជាងធម្មតា ក្នុងអំឡុងពេលព្យុះនោះ ដែលបង្ហាញពីហានិភ័យនាពេលអនាគតចំពោះបណ្ដាទីតាំងបេតិកភណ្ឌក្នុងប្រទេសនេះផងដែរ៕
