ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនពីរនាក់ បានស្លាប់ និងទាហានអ៊ីស្រាអែល ៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅតំបន់វេសបែង(West Bank)ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ហើយទាហានអ៊ីស្រាអែល បានសម្លាប់ជនសង្ស័យ នៅក្នុងការបាញ់ប្រហារលើអ្នកបើកបររថយន្តអ៊ីស្រាអែល នៅពេលក្រោយមកនោះ។

យោធា បាននិយាយថា ខ្មាន់កាំភ្លើងទាំងពីរនាក់នៅក្នុងឧបទ្ទវហេតុដំបូង បានបាញ់ចេញពីរថយន្តទៅលើរថយន្តអ៊ីស្រាអែលមួយគ្រឿងនៅជិតទីក្រុងតុលកាម (Tulkarm)។ យោធានោះ បាននិយាយទៀតថា ការដេញតាម និងការបាញ់ប្រហារមួយ បានកើតឡើង ហើយទាហានបានសម្លាប់បុរសទាំងពីរនាក់ មុនពេលដែលរកឃើញកាំភ្លើងវែងមួយដើមយកចេញពីរថយន្តរបស់ពួកគេ។
ក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បានអះអាងថា ជនជាតិប៉ាឡេស្ទីនដែលត្រូវបានគេសម្លាប់នោះ មានអាយុ២៣ និង ២៧ឆ្នាំ ជាសមាជិករបស់ខ្លួន។
ក្រុមហាម៉ាស់ និងក្រុមប្រឆាំងប្រដាប់អាវុធមួយក្រុមទៀត គឺក្រុមជីហាដឥស្លាមប៉ាឡេស្ទីន បាននិយាយថា ពួកគេបានធ្វើឲ្យជនជាតិអ៊ីស្រាអែលស្លាប់ និងរបួសដោយកាំភ្លើង និងការវាយឆ្មក់បំផ្ទុះគ្រាប់បែកនៅក្នុងការប៉ះទង្គិចគ្នាដាច់ដោយឡែកមួយ នៅក្នុងទីក្រុងតុលកាម។

