ស្វាយរៀង៖ ថ្ងៃនេះនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក សម្រាប់ត្រៀមបម្រុងឆ្លើយតបជួយប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើង។
លោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ផ្ដាំផ្ញើដល់លោក ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ក្រោយពីទទួលបានអំណោយទាំងអស់នេះ ត្រូវយកទៅឆ្លើយតបជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗឲ្យទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់តាមដាន ស្ថានភាពគ្រោះមហន្តរាយ និងកត្តាជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួនក្នុងការឆ្លើយតបឲ្យបាន ទាន់ពេលវេលាក្នុងកម្រិតតិចតួច បើករណីច្រើនលើសពីលទ្ធភាពត្រូវរាយការណ៍ និងផ្តល់ព័ត៌មានឲ្យសាខាខេត្ត ជាបន្ទាន់ ដើម្បីសាខាដោះស្រាយឆ្លើយតបជូនបានទាន់ពេលវេលា ជាពិសេសក្នុងករណីមានប្រជាពលរដ្ឋ ចំណាកស្រុកទើបត្រឡប់មកវិញ ត្រូវតាមដានពីសុខភាពរបស់ពួកគាត់ឲ្យបានល្អិតល្អន់ និងណែនាំអោយ ការពារខ្លួនជៀសវាងការឆ្លងនឹងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ៣ កុំ ៣ ការពារ។
លោកជំទាវ បានបន្តថាអំណោយដែលផ្តល់ជូននាពេលនេះ អនុសាខាត្រូវយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ៕ អត្ថបទ៖ គង់ ហួន