ប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលផែនការរបស់សហរដ្ឋអាមេរិកក្នុងការសាងសង់ផ្នែកថ្មីនៃរបងព្រំដែនអាមេរិក-ម៉ិកស៊ិក ខណៈដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីម៉ិកស៊ិក ដើម្បីពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ។

មុនពេលជួបពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក អាលីចានដ្រូ ម៉ាយ៉ូកាស (Alejandro Mayorkas) ប្រធានាធិបតីម៉ិកស៊ិក អានដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បានរិះគន់ផែនការសាងសង់របងចុងក្រោយបង្អស់ថាជា«ជំហានថយក្រោយ» ។
ចំពេលមានការកើនឡើងនៃចំនួនមនុស្សឆ្លងចូលសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងសាងសង់ផ្នែកបន្ថែមនៃជញ្ជាំងព្រំដែននៅតំបន់ Starr County រដ្ឋតិចសាស ដោយ អនុវត្តគោលនយោបាយហត្ថលេខារបស់រដ្ឋបាលលោកត្រាំ។
នៅក្នុងកិច្ចពិភាក្សានេះ ក្រុមមន្ត្រី បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មដែលត្រូវបានគេរៀបចំ និងបន្ធូរបន្ថយសម្ពាធអន្តោប្រវេសន៍នៅតាម ព្រំដែន។ បន្ទាប់មក រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក អាលីសៀ បាសិនណា (Alicia Barcena) បានគូសបញ្ជាក់ពីការប្រឆាំងជំទាស់របស់ម៉ិកស៊ិកចំពោះរបងនេះ។

