ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា « កោះសន្តិភាព» ឡើងវិញពេញបរិបូរនៅក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសចូលរួម ព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆាំ្ននៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហស្រពកោះពេជ្រ។
ឯកឧត្តម បានថ្លែងថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពី ឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចែងអំពី «គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។
ក្នុងដំណើរការអនុវត្តជាក់ស្តែង ការបន្សំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាន នូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះ និងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។
បើតាម ឯកឧត្តម អ៊ឹម ឈុនលឹម ក្នុងដំណើរការអនុវត្តរយៈពេល៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដោយអនុវត្តស្របតាមនីតិវិធីដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គម ពិសេសនៅចំពោះមុខករណីនៃការជាប់គាំងផ្នែកច្បាប់ និងផ្នែកនយោបាយ ដែលចាំបាច់ត្រូវដោះស្រាយ តាមរយៈការចរចាក្នុងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ព្រមទាំងធានាការគោរពលទ្ធផលនៃការបោះឆ្នោត ជាអាទិ៍ត្រូវធានារក្សាឱ្យបានប្រក្រតីភាពនៃការប្រព្រឹត្តទៅរបស់ ស្ថាប័នជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា