ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ ក្នុងឆ្នាំ១៩៩៣ និងជាលើកទី២ ក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ថ្លែងក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣នេះ នៅកោះពេជ្រថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញ មកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាពក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ ខណៈអង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបានទទួលការគោរពលើកតម្កើងពីគ្រប់ស្ថាប័នជាតិ និងប្រជារាស្រ្តខ្មែរ។
ឯកឧត្តមថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្រ្តដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើ។
ឯកឧត្តមបន្តថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាជាស្នូល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាខ្ពស់ បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណតម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិនិងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាពនៃរបបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាននៃ «កម្មវិធីនយោបាយ» និង «យុទ្ធសាស្ត្របញ្ចកោណ» សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕អត្ថបទ៖ វ៉ន ដារ៉ា/