កណ្ដាល៖ នៅថ្ងៃទី៦ ខែតុលានេះ មន្ត្រីពេទ្យនៅតាមមណ្ឌលសុខភាពទាំងអស់នៅទូទាំងខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជូនកុមារីមានអាយុ ៩ ឆ្នាំ១១ ខែ ដែលការចាក់នោះ គឺបានធ្វើឡើងនៅតាមបណ្តាសាលារៀនរដ្ឋ ឯកជន និងនៅតាមមណ្ឌលសុខភាពនានាទូទាំងខេត្ត។
សម្រាប់គ្រួសារពលរដ្ឋ ដែលមានការយល់ដឹងអំពី ជំងឺមហារីកកាចសាហាវមួយសាហាវ គឺមានទឹកចិត្តសប្បាយរីករាយជាខ្លាំង ដែលបាននាំកូនស្រីទៅចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន ដោយមិនគិតថ្លៃ តាមណែនាំរបស់សាលារៀន និងក្រុមពេទ្យ ហើយបណ្តាអាណាព្យាបាល និងសិស្សនុសិស្ស ក៏បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំងដែលមានតម្លៃលក់ថ្លៃខ្ពស់នៅលើទីផ្សារ យកចាក់ជូនកូនស្រីៗ ដោយមិនមានការយកកម្រៃអ្វីទាំងអស់នោះ។
លោកស្រី ហេង វណ្ណាវី ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការស្រុកប្រតិបត្តិតាខ្មៅ ថ្លែងថា សម្រាប់ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដំណាក់កាលទី១នេះ ក្រុមពេទ្យនឹងចុះចាក់ឲ្យអស់លើក្មេងស្រីមានអាយុ ៩ ឆ្នាំ១១ ខែ ខណៈប្រសិទ្ធភាពវ៉ាក់សាំងនេះ គឺអាចការពារមនុស្សស្រី មិនឲ្យកើតជំងឺមហារីកមាត់ស្បូនពេញមួយជីវិតរបស់គេ។
តាមការគ្រោងទុករបស់ក្រសួងសុខាភិបាល យុទ្ធនាការដំណាក់កាលទី២ នឹងបន្តចុះចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូននៅក្នុងឆ្នាំ២០២៤ នៅលើក្មេងស្រីអាយុពី១០ឆ្នាំដល់១៤ឆ្នាំ និងបន្តចាក់នៅឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃម្សិលមិញនេះដែរថា បច្ចុប្បន្ន កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣៦ ផ្សេងទៀតដែលបានដាក់បញ្ចូលថ្នាំបង្ការជំងឺ មហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិ និងមានការរៀបចំផែនការកម្មវិធីច្បាស់លាស់សម្រាប់ការផ្តល់ថ្នាំបង្ការការពារជំងឺមហារីកមាត់ស្បូន ដោយមិនគិតថ្លៃ ជូនក្មេងស្រី ដើម្បីការពារជំងឺមហារីកដ៏កាចសាហាវមួយនេះ ពេញមួយជីវិតមួយរបស់គេ៕អត្ថបទ ស៊ុម សុខជា