អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់អាមេរិក លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយទូរស័ព្ទ «ប្រកបដោយផ្លែផ្កា» ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Yasar Guler ដើម្បីពិភាក្សាអំពី «ឧបទ្ទវហេតុដ៏គួរឲ្យសោកស្ដាយ» ដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យានដ្រូនរបស់ទួរគី។
ឧបទ្ទវហេតុនេះ គឺជាលើកទីមួយហើយ ដែលក្រុងវ៉ាស៊ីនតោនបានទម្លាក់យានដ្រូនរបស់សម្ព័ន្ធមិត្តយោធាណាតូ គឺប្រទេសទួរគីមួយនេះ។

យានដ្រូន UAVs របស់ទួរគី ត្រូវបានគេឃើញធ្វើការវាយប្រហារតាមអាកាសនៅទីក្រុង Hasakah ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចម្ងាយប្រហែល ១គីឡូម៉ែត្រពីមូលដ្ឋានកងទ័ពអាមេរិក។ ប៉ុន្មានម៉ោងក្រោយមក យានដ្រូនទួរគីមួយគ្រឿង បានចូលមកក្នុងចម្ងាយតិចជាងកន្លះគីឡូម៉ែត្រនៃមូលដ្ឋានកងទ័ពអាមេរិក ហើយត្រូវបានចាត់ទុកថាជាការគំរាមកំហែង និងត្រូវបាញ់ទម្លាក់ដោយយន្តហោះ F-16 របស់អាមេរិក។
លោក Ryder បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា មិនមានការចង្អុលបង្ហាញថា ប្រទេសទួរគី មានចេតនាវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនោះទេ។ ឧបទ្ទវហេតុនេះកើតឡើងក្នុងពេលភាពល្អប្រសើរនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទួរគី ដោយសហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសទួរគីនឹងផ្តល់សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូ សម្រាប់ស៊ុយអែត។
ខណៈពេលដែលសហរដ្ឋអាមេរិកមិនដែលធ្លាប់បានបាញ់ទម្លាក់យានដ្រូនទួរគីពីមុនមកទាល់តែសោះនោះ ភាពតានតឹងបានផ្ទុះឡើង ហើយមានការហៅទូរស័ព្ទយ៉ាងជិតស្និទ្ធជុំវិញបញ្ហានេះ។ គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០១៩ ទាហានអាមេរិកនៅភាគខាងជើងប្រទេសស៊ីរី បានរងការបាញ់ប្រហារដោយកាំភ្លើងធំពីទីបញ្ជាការរបស់ទួរគី៕

