អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា ប្រទេសចិនជំទាស់យ៉ាងដាច់អហង្ការ ចំពោះការសម្រេចឯកតោភាគីរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ខណៈទីក្រុងតូក្យូ ក៏បានទទួលការរិះគន់ពីកូរ៉ែខាងត្បូង រួមទាំងមានការតវ៉ានៅទីក្រុងហុងកុង ជុំវិញការបញ្ចេញទឺកជុំទីពីរ នេះផងដែរ។

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនបានចាប់ផ្តើមការបង្ហូរចេញទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ជុំទីពីរ ហើយគ្រោងនឹងបញ្ចេញទឹកចំនួន៧.៨០០តោន ក្នុងរយៈពេល១៧ថ្ងៃ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា មហាសមុទ្រជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់។ រដ្ឋាភិបាលជប៉ុនត្រូវឆ្លើយតបរាល់កង្វល់របស់សហគមន៍អន្តរជាតិ មានការប្រាស្រ័យទាក់ទងយ៉ាងពេញទំហឹង និងស្មោះត្រង់ជាមួយប្រទេសជិតខាង ព្រមទាំងធ្វើការបញ្ចេញចោលសំណល់ទឹក ដែលមានជាតិនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ»។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា សហគមន៍អន្តរជាតិចាំបាច់ត្រូវជំរុញឱ្យមានការរៀបចំការត្រួតពិនិត្យអន្តរជាតិ ដែលនឹងមានប្រសិទ្ធភាពក្នុងរយៈពេលយូរ និងធានាថាប្រទេសជិតខាងរបស់ប្រទេសជប៉ុន រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត អាចចូលរួមយ៉ាងសំខាន់ក្នុងការរៀបចំនេះបានផងដែរ៕

