ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) បានបង្ហាញពីលទ្ធភាពដែលថារុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍ ហើយអាចនឹងដកការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរ។

លោក ពូទីន ដែលជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ក៏បាននិយាយផងដែរថា ទីក្រុងម៉ូស្គូបានសាកល្បងដោយជោគជ័យនូវមីស៊ីលតម្រង់គោលដៅដំណើរការដោយថាមពលនុយក្លេអ៊ែរ និងអាចបំពាន់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ឈ្មោះថា Burevestnik ដែលសមត្ថភាពខ្លាំងក្លាមិនអាចប្រៀបផ្ទឹមបាន។
ប្រមុខវិមានក្រឹមឡាំងរូបនេះបាននិយាយថា មិនមានភាពចាំបាច់ក្នុងការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារណាមួយមកលើរុស្ស៊ី នឹងបង្កឱ្យមានការឆ្លើយតបជាលើកទីពីរ ជាមួយនឹងមីស៊ីលនុយក្លេអ៊ែររាប់រយគ្រាប់ ដែលពុំមានសត្រូវណាអាចរស់រានមានជីវិតបានឡើយ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បាននិយាយពីតួលេខរងគ្រោះក្នុងសង្គ្រាមផងដែរថា អ៊ុយក្រែនបានបាត់បង់ទាហានជាង៩ម៉ឺននាក់ ចាប់តាំងពីខ្លួនបានចាប់ផ្ដើមការវាយបក កាលពីដើមខែមិថុនាមក ហើយទីក្រុងគីវនេះ ក៏បានបាត់បង់នូវរថក្រោះចំនួន៥៥៧គ្រឿង រួមទាំងយានពាសដែកចំនួន១.៩០០គ្រឿងផងដែរ៕

