មន្ត្រីកងទ័ពម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា យ៉ាងហោចណាស់មានក្រុមអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលចំនួន៣០នាក់ និងពួកសកម្មប្រយុទ្ធក្រុមឧទ្ទាម អាល់សាបាប (al Shabaab) រាប់សិបនាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសសូម៉ាលី នៅក្នុងការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតនៃការវាយលុករយៈពេលមួយឆ្នាំ ប្រឆាំងនឹងក្រុមដែលមានទំនាក់ទំនងជាមួយក្រុមបះបោរ អាល់កៃដា។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធនៅក្នុងព្រៃ Shabellow នេះ គឺជាការបង្ហាញចុងក្រោយបំផុតនៃភារកិច្ចដ៏លំបាក ដែលកងទាហានសូម៉ាលី និងកងជីវពលសម្ព័ន្ធមិត្ត ប្រឈមមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកម្ចាត់ក្រុមអាល់សាបាប ដែលបាននិងកំពុងធ្វើបះបោរចាប់តាំងពីឆ្នាំ២០០៦មក។
យុទ្ធនាការយោធាមួយ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុនដោយក្រុមកងទ័ព និងកងជីវពល មានមូលដ្ឋានក្នុងសម្ព័ន្ធទ័ព នៅភាគកណ្តាលប្រទេសសូម៉ាលី បានរឹបអូសយកទឹកដីសំខាន់ៗជាច្រើនពីពួកសកម្មប្រយុទ្ធ។
ទោះបីជាកងកម្លាំងរដ្ឋាភិបាល បានដណ្តើមយកទីក្រុងធំៗមួយចំនួនក៏ដោយ ក៏ក្រុមអាល់សាបាប អាចដណ្តើមយកមកវិញ នូវទឹកដីមួយចំនួនដែលខ្លួនបានបាត់បង់ និងធ្វើការវាយឆ្មក់យ៉ាងសាហាវទៅលើមូលដ្ឋានយោធានៅក្នុងប្រទេសសូម៉ាលីនេះផងដែរ៕
