ក្លិបបាល់ទាត់ញញួរធំ West Ham បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួននៅក្របខណ្ឌ UEFA Europa League ក្រោយ យកឈ្នះនៅទឹកដី Freiburg។

កីឡាករប្រេស៊ីល Lucas Paqueta បើកការនាំមុខឱ្យ West Ham នៅនាទីទី ៨ មុនពេលម្ចាស់ផ្ទះតាមស្មើវិញនៅដើមវគ្គទី ២ នាទីទី ៤៩ ដោយ Roland Sallai។
យ៉ាងណាក្តី Nayef Aguerd គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះរបស់ West Ham នៅនាទីទី ៦៦។

ជ័យជំនះនេះធ្វើឱ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ក្លាយជាក្លិបអង់គ្លេសដំបូងដែលលេងមិនចាញ់ ១៧ ប្រកួតជាប់គ្នានៅក្របខណ្ឌអឺរ៉ុប។
កន្លងមកមានក្លិបអង់គ្លេសបីប៉ុណ្ណោះដែលលេងមិនចាញ់ ១៦ ប្រកួតជាប់គ្នារួមមាន Manchester City, Leeds United ធ្វើបានអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ និង Tottenham Hotspur អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០។

West Ham ដែលឈ្នះ Backa Topola ប្រកួតដំបូងក្នុងពូល Europa League នោះ កំពុងឈរលេខ ១ ក្នុងពូល A មាន ៦ ពិន្ទុពេញខណៈ Freiburg ឈ្នះលេខ ២ មាន ៣ ពិន្ទុ តាមពីក្រោយដោយ Olympiakos និង Backa Topola មាន ១ ពិន្ទុដូចគ្នា។

ងាកមកក្រុមអង់គ្លេសមួយទៀត ហង្សក្រហម Liverpool ក៏រកបានជ័យជំនះពីរប្រកួតផ្ទួនៗផងដែរក្រោយយកឈ្នះ Union Saint-Gilloise ២-០ ដោយពីរគ្រាប់របស់ Ryan Gravenbach និង Diogo Jota។
ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ឈរលើគេក្នុងពូល E មាន ៦ ពិន្ទុពេញតាមពីក្រោយដោយ ក្រុមបារាំង Toulouse មាន ៤ ពិន្ទុ ខណៈ Union Saint-Gilloise និង LASK មាន ១ ពិន្ទុដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

