
កំពត៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងកាស៊ីណូតន់ហន់ បន្តកើនឡើងដល់ ២២៨នាក់ហើយ បើបូកបញ្ចូលទាំងករណីកើតថ្មី ចំនួន ៦០បន្ថែមទៀត ដែលរដ្ឋបាលខេត្តកំពតរកឃើញនៅថ្ងៃទី០២ ខែមិថុនានេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត ដែលបាននៅថ្ងៃទី០២ ខែមិថុនានេះ បានបង្ហាញថា យោងតាមលទ្ធផលនៃការវិភាគសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី០២ ខែមិថុនានេះ បានរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីចំនួន ៦០នាក់ ស្រី ៣៤នាក់ ពាក់ព័ន្ធនឹងកាស៊ីណូ សុខ គឹមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតនៅក្នុងភូមិ ព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។
នៅក្នុងសេចក្តីប្រកាសនោះដែរ ក៏បានបញ្ជាក់ថា អ្នកដែលវិជ្ជមានកូវីដ-១៩ខាង បាននឹងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យព្រះបីតាជាតិ និងមណ្ឌលព្យាបាលសុខ គឹមម៉េង។
ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវទីតាំងនិងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីខាងលើនេះបន្តទៀត។
រដ្ឋបាលខេត្តកំពត បានអំពាវនាវ ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ និងអ្នកកើតកូវីដ-១៩ទាំងអស់ដូចរាយឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបើសិនបើមានបញ្ហាសុខភាព អាចមកយកសំណាកនៅសាលាវិទ្យាល័យព្រះបីតាជាតិ ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបងប្អូនរាល់ពេលម៉ោងធ្វើការ។
ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋទូទៅសូមបន្តអនុវត្តវិធានការបីការពារ បីកុំឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
គិតមកត្រឹមល្ងាចថ្ងៃទី០២ ខែមិថុនានេះ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ ចំនួនអ្នកកើតកូវីដ១៩ទូទាំងខេត្តកំពត មានចំនួន ២៨១នាក់ ជាសះស្បើយចំនួន ៣២នាក់ ៕ អត្ថបទ៖ សារីម


