ឥណ្ឌា ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសេចក្តីថ្លែងការណ៍ផ្លូវការ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤០នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតបន្តបាត់ខ្លួន រួមទាំងសមាជិកយោធា២៣នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការបាក់ទំនប់នៅតំបន់ភ្នំហិម៉ាឡៃ ភាគខាងជើងនៃប្រទេសឥណ្ឌា។
មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ស្ពានចំនួន១៤ខ្សែ ត្រូវបានទឹកហូរកាត់ផ្ដាច់ ដែលធ្វើអោយប្រតិបត្តិការស្វែងរក ការស្តារឡើងវិញ និងការផ្តល់ជំនួយមានភាពយឺតយ៉ាវនៅក្នុងតំបន់នេះ។
ភ្លៀងដែលបន្តធ្លាក់ក្នុងកម្រិតទាប និងព្រិលនៅកម្រិតកម្ពស់ខ្ពស់ ក៏កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។ ការសង្គ្រោះតាមអាកាស និងការឃ្លាំមើលត្រូវបានគេធ្វើឡើង ហើយយ៉ាងហោចណាស់មានអ្នកទេសចរចំនួន២.៥០០នាក់ ត្រូវបានជាប់ខ្លួននៅក្នុងភូមិជាច្រើនដែលរងផលប៉ះពាល់។
នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា តំបន់នេះបានទទួលទឹកភ្លៀងកម្រិត៤អ៊ីញ ចាប់តាំងពីថ្ងៃទី១ ខែតុលា មក ដោយជាតួលេខច្រើនជាងពីរដងនៃបរិមាណមធ្យម។ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ទឹកជំនន់នេះ គឺអាក្រក់ជាងទឹកជំនន់កាលពីខែតុលា ឆ្នាំ១៩៦៨ ទៅទៀត ដែលបានសម្លាប់មនុស្ស១.០០០នាក់ នៅក្នុងប្រទេសឥណ្ឌានេះ៕


