ឥណ្ឌា ៖ មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់ និងមនុស្សជាង ៤០នាក់ផ្សេងទៀត បានរងរបួស នៅថ្ងៃសុក្រនេះ ក្នុងហេតុការណ៍អគ្គិភ័យទ្រង់ទ្រាយធំ ដែលបានឆាបឆេះអគារកម្ពស់ ៧ជាន់ នៅទីក្រុងភាគខាងលិចម៉ុមបៃ ប្រទេសឥណ្ឌា ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា អគ្គិភ័យនេះ បានចាប់ផ្តើមឡើងនៅឃ្លាំងទំនិញក្នុងប្លុកអគារស្នាក់នៅរបស់អ្នកស្រុក ជាកន្លែងដែលមានស្តុកសារពើភ័ណ្ឌរបស់ក្រុមឈ្មួញក្នុងស្រុកជាច្រើននាក់ បានរក្សាទុកនៅទីនោះ ។
អភិបាលរដ្ឋ Maharashtra លោក Eknath Shinde បានសម្តែមរណៈទុក្ខចំពោះអ្នកបាត់បង់ជីវិតក្នុងឧបទ្ទេវហេតុអគ្គិភ័យដ៏អាក្រក់នេះ និងប្រកាសសំណងជំងឺចិត្ត ៦ពាន់ដុល្លារសម្រាប់អ្នកស្លាប់ និងធានាចំពោះការព្យាបាលរហូតដល់ជាសះស្បើយសម្រាប់អ្នកដែលរងរបួស ។
ដោយឡែក នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានផ្ញើរមរណៈទុក្ខដល់អ្នកស្លាប់ផងដែរ និងបានជូនពរអ្នករងរបួស ឆាប់ជាសះស្បើយ ។
សូមបញ្ជាក់ថា តំបន់ភាគច្រើននៅទូទាំងប្រទេសឥណ្ឌា និយតកម្មសុវត្ថិភាពអគ្គិភ័យ មានលក្ខណៈធូររលុងខ្លាំង ហើយមិនត្រូវបានពិនិត្យជាមុននោះទេ ជាហេតុនាំឲ្យកើតមានអគ្គិភ័យទ្រង់ទ្រាយធំ និងធ្វើឲ្យបាត់បង់អាយុជីវិតនុស្ស និងទ្រព្យសម្បតិ្តបែបនេះ ៕

