អុីតាលី ៖ ទីក្រុងវេនទីមីលីយ៉ា (Ventimiglia) ដែលជាទីក្រុងអ៊ីតាលីជាប់ព្រំដែនជាមួយប្រទេសបារាំង បានកំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃចំនួនជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ ដោយសារប្រទេសអ៊ីតាលី គឺជាកន្លែងចុះចតដ៏សំខាន់មួយ សម្រាប់ក្រុមដែលភៀសខ្លួនចេញពីតំបន់ ដែលហែកហួរដោយសង្រ្គាមនៅអាហ្វ្រិក និងមជ្ឈិមបូព៌ាឆ្ពោះទៅកាន់អឺរ៉ុប។
នៅព្រំដែនអ៊ីតាលី-បារាំង នគរបាលបារាំងបានពង្រឹងកងកម្លាំងបំពេញកាតព្វកិច្ច ហើយជនអន្តោប្រវេសន៍ជាច្រើននាក់ត្រូវបានស្ទាក់ចាប់ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសអ៊ីតាលី។
លោក យ៉ាខូប ខូឡូមបា (Jacob Colomba) ដែលជាប្រធានអង្គការសង្គ្រោះក្រៅរដ្ឋាភិបាលនៅទីក្រុងវេនទីមីលីយ៉ា បាននិយាយថា ជារៀងរាល់ថ្ងៃពួកគេផ្តល់ជំនួយដល់ជនអន្តោប្រវេសន៍រាប់សិបនាក់ទៅរាប់រយនាក់ ដែលត្រូវបាននិរទេសដោយចែកចាយស្បៀងអាហារ សម្លៀកបំពាក់ និងការផ្គត់ផ្គង់ផ្សេងៗទៀតដល់អ្នកទាំងនោះ។
អ្នកភៀសខ្លួនមួយចំនួន ក៏បានជ្រើសរើសផ្លូវប្រថុយប្រថានបន្ថែមទៀត ដើម្បីចៀសវាងការត្រួតពិនិត្យ ដូចជាផ្លូវភ្នំតូចចង្អៀត និងខ្ពស់ចោតជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការបន្តមកដល់នៃជនអន្តោប្រវេសន៍ខុសច្បាប់ ក៏បានប៉ះពាល់ដល់សន្តិសុខសង្គម និងបរិស្ថានក្នុងតំបន់នៃទីក្រុងតូចមួយនេះ ហើយអ្នកស្រុកមួយចំនួនពិបាកទទួលយកបញ្ហាទាំងនោះណាស់។
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងមហាផ្ទៃអ៊ីតាលី គិតត្រឹមថ្ងៃទី២ ខែតុលា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាង ១៣ម៉ឺននាក់ បានមកដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំនេះ ពោលគឺជិតពីរដងនៃតួលេខជនភៀសខ្លួន និងអន្តោប្រវេសន៍ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

