កីឡាការិនីវាយកូនបាល់អាមេរិកជើងឯក Grand Slam, US Open, Coco Gauff បានសង្គ្រោះពិន្ទុ Set-Point ៤ លើកដើម្បីយកឈ្នះកីឡាការិនី Veronika Kudermetova ៧-៦(៧-៥) និង ៦-២ ឡើងវគ្គ ៨ នាក់ចុងក្រោយនៃការប្រកួតពានរង្វាន់ China Open នៅលើទឹកដីចិន។

នេះជាជ័យជំនះ ១៥ ប្រកួតជាប់គ្នាសម្រាប់ Coco Gauff ដែលជាជ័យជំនះជាប់គ្នាច្រើនប្រកួតបំផុតក្នុងឆ្នាំនេះ នៃការប្រកួតប្រកួតក្របខណ្ឌ Tour ខណៈកីឡាការិនីលំដាប់លេខ ២ ពិភពលោក Iga Swiatek ធ្លាប់ឈ្នះជាប់គ្នាត្រឹម ១៤ ប្រកួត។
កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះ ចាញ់ការប្រកួតចុងក្រោយបំផុតតាំងពីខែសីហា ការប្រកួតនៅទីក្រុង Montreal ប្រទេសកាណាដាទល់នឹងមិត្តរួមជាតិ Jessica Pegula មុនពេលចាប់ផ្តើមឈ្នះមកវិញ លើកពាន Cincinnati និង US Open។

បើរាប់តាំងពី Wimbledon ដែលចាញ់ Sofia Kenin នៅជុំដំបូងនោះ Coco Gauff បានឈ្នះការប្រកួតសរុប ២១ ក្នុងចំណោម ២២ ប្រកួតចុងក្រោយ។
ជ័យជំនះលើ Kudermetova នៅ China Open នេះ Coco Gauff នឹងបន្តជួបជាមួយកីឡាការិនីក្រិក Maria Sakkari ដែលយកឈ្នះកីឡាការិនីម្ចាស់ផ្ទះចិន Wang Xinyu។

ងាកមកកីឡាការិនីលំដាប់លេខ ១ ពិភពលោក Aryna Sabalenka វិញ ក៏បានកក់កៅអីនៅវគ្គ ៨ នាក់ចុងក្រោយដែរក្រោយយកឈ្នះកីឡាការិនីអ៊ីតាលី Jasmine Paolini។
កីឡាការិនីបេឡារុស ដែលជាជើងឯករង US Open កាលពីខែមុននោះ បានយកឈ្នះកីឡាការិនីអ៊ីតាលីដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៣៦ ដោយលទ្ធផល ៦-៤ និង ៧-៦(៧-៤)។
ម្ចាស់ជើងឯក Australian Open, Aryna Sabalenka នឹងបន្តជួបជាមួយជើងឯក Wimbledon, Elena Rybakina នៅវគ្គ ៨ នាក់ចុងក្រោយ China Open នេះ៕ អត្ថបទ៖នាង សុភាវុធ
