ហ្វីលីពិន ៖ នាវាឆ្មាំល្បាតឆ្នេរប្រទេសចិនបានខិតជិតដល់ក្នុងចម្ងាយ៣ម៉ែត្រ ស្ទើរតែបុកជាមួយនាវាល្បាតរបស់ហ្វីលីពីន ដែលនាវានោះកំពុងព្យាយាមរារាំងនៅសមុទ្រចិនខាងត្បូង ក្នុងឧបទ្ទវហេតុអាសន្នមួយ ដែលបានបង្កើនការព្រួយបារម្ភថា ជម្លោះដែនដី នៅក្នុងដែនទឹក អាចបង្កវិបត្តិកាន់តែធំ។
នៅថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើសមយុទ្ធរបស់នាវាចិន នៅជិតថ្មប៉ប្រះទឹក Thomas ទី២ ដែលប្រទេសជិតខាងអាស៊ីទាំងពីរនេះអះអាងសិទ្ធិ និងជាទីតាំងនៃការប្រឈមមុខដាក់គ្នាញឹកញាប់។
នាវាឆ្មាំល្បាតឆ្នេររបស់ហ្វីលីពីនមួយគ្រឿងផ្សេងទៀត ត្រូវបានរារាំង និងព័ទ្ធជុំវិញដោយឆ្មាំឆ្នេរចិន និងនាវារបស់កងជីវពលនៅក្នុងឧបទ្ទវហេតុមួយដែលបន្តអូសបន្លាយពេលរយៈពេលប្រមាណ៨ម៉ោងកាលពីថ្ងៃពុធ។ ការប៉ះទង្គិចគ្នា នៅក្នុងដែនទឹកមានជម្លោះ អាចជាប់ពាក់ព័ន្ធខ្លាំងជាមួយសហរដ្ឋអាមេរិក ដែលបានប្តេជ្ញាការពារប្រទេសហ្វីលីពីន ជាសម្ព័ន្ធមិត្តសន្ធិសញ្ញា ប្រសិនបើកងកម្លាំង នាវា និងយន្តហោះ ហ្វីលីពីន ស្ថិតក្រោមការវាយប្រហារប្រដាប់អាវុធ។
ទូកដឹកជំនួយផ្គត់ផ្គង់តូចៗចំនួន២គ្រឿង ត្រូវបានអមដោយឆ្មាំល្បាតឆ្នេរហ្វីលីពីន នៅក្នុងដែនទឹក ប្រជែងគ្នា ដែលត្រូវបានរៀបចំ ជាការបំពានទៅនឹងការរារាំងរបស់ប្រទេសចិន និងបានដឹកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតទៅកាន់ប៉ុស្តិ៍ជួរមុខសមុទ្រហ្វីលីពីន នៅទីតាំងថ្មប៉ប្រះទឹក។
អ្នកនាំពាក្យឆ្មាំឆ្នេរហ្វីលីពីន ឧត្តមសេនីយ៍ត្រី Jay Tarriela បាននិយាយនៅថ្ងៃសុក្រនេះថា យើងថ្កោលទោសឥរិយាបថរបស់នាវាឆ្មាំសមុទ្រចិន។ ពួកគេកំពុងតែបំពានច្បាប់អន្តរជាតិ ជាពិសេស វិធានការប៉ះទង្គិចគ្នា។

