អ៊ុយក្រែន ៖ តំណាងពាណិជ្ជកម្មរបស់ប្រទេសអ៊ុយក្រែន លោក តារ៉ាស កាចកា (Taras Kachka) បាននិយាយកាលពីថ្ងៃទី៥ ខែតុលាថា ទីក្រុងគីវ «បានផ្អាក»ដាក់ពាក្យបណ្តឹងរបស់ខ្លួនប្រឆាំងនឹងប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី ជុំវិញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល លោកកាចកា បាននិយាយថា ជម្លោះគ្រាប់ធញ្ញជាតិនៅWTO មិនទាន់បានចាប់ផ្តើមនៅឡើយទេ ដោយសារអ៊ុយក្រែន នៅតែស្ថិតក្នុងដំណាក់កាលនៃការពិគ្រោះយោបល់ ដែលអាចមានរយៈពេលរហូតដល់ ៦០ថ្ងៃ។
ប្រធានពាណិជ្ជកម្មរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ទីក្រុងគីវ ចង់ស្វែងរក «ដំណោះស្រាយមានលក្ខណៈស្ថាបនា (លើការនាំចូលកសិកម្ម) ក្នុងក្របខ័ណ្ឌនៃសហភាពអឺរ៉ុបទាំងមូល» នេះបើយោងតាមសារព័ត៌មាន Interfax-Ukraine។
លោក កាចកា បានបន្ថែមថា៖« ទោះបីជាពាក្យបណ្តឹងដែលយើងបានបញ្ជូនទៅហើយនោះ ប្រឆាំងនឹងរដ្ឋសមាជិកជាក់លាក់រួមទាំងប៉ូឡូញនេះក្តី នេះគឺជាបញ្ហាជាប្រព័ន្ធនៃការទំនាក់ទំនងរបស់យើងជាមួយប្លុកនេះ។ គោលដៅរបស់យើង គឺដើម្បីបញ្ជាក់ថា សហភាពអឺរ៉ុប និងអ៊ុយក្រែនមានវិធីសាស្រ្តដូចគ្នាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម»។

